Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ការប្តេជ្ញាចិត្ត របស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ សម្តេចក៏បានស្នើរុស្ស៊ីផ្តល់ជំនួយបន្ថែមទៀត ដូចជាឧបករណ៍ចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ នៅថ្ងៃទី២៨ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ។
ចំពោះវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីរុស្ស៊ី ដើម្បីជំរុញកិច្ចចរចាបន្ថែមទៀតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Cambodia-EEU FTA)។
សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរដល់រុស្ស៊ីចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា និងបានលើកទឹកចិត្តរុស្ស៊ីផ្តល់កម្មវិធីបណ្តុះបណ្តាល បន្ថែមទៀត ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់កម្ពុជា។
ចំពោះការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រតិបត្តិការសៀងហៃ (ASEAN-SCO) សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនង ASEAN-SCO តាមរយៈក្របខ័ណ្ឌដែលមានស្រាប់ ក៏ដូចជាឆន្ទៈរបស់កម្ពុជាក្នុងការអញ្ជើញប្រធាន SCO ធ្វើជាភ្ញៀវកិត្តិយសរបស់ប្រធានអាស៊ាន ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរការប្រារព្ធខួប អនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ក៏ដូចជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នំា នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី។

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងភាគីទាំងពីរ។ ក្នុងឋានៈជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងសេចក្តីប្រកាសរួមអាស៊ាន ដែលបានគូសបញ្ជាក់អំពីសមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការ និងបានស្នើឡើងនូវសកម្មភាពមួយចំនួនសម្រាប់អនាគត ដែលនឹងត្រូវធ្វើរួមគ្នារវាងអាស៊ាន និងរុស្ស៊ី ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូនេះ។

កិច្ចប្រជុំកំពូលបានអនុម័តឯកសារសំខាន់ចំនួន៣ រួមមានៈ (១) សេចក្តីថ្លែងការណ៍អាស៊ាន និងសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ (២) សេចក្តីថ្លែងការណ៍រួមនៃប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤៖ ការកសាងតំបន់មួយដែលពោរពេញដោយសន្តិភាព ស្ថិរភាព និងនិរន្តរភាព (៣) ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត រវាងសមាគមន៍នៃប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហព័ន្ធរុស្ស៊ី (២០២១-២០២៥)។ ដោយឡែក ឯកសារចំនួន២ ផ្សេងទៀត ត្រូវបានកត់សម្គាល់ រួមមានៈ (១)ផែនទីចង្អុលផ្លូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន-រុស្ស៊ី ដែលបានកែសម្រួលថ្មី និង (២) កម្មវិធី ការងារពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥។
កិច្ចប្រជុំកំពូលបានកត់សម្គាល់ដោយសេចក្តីពេញចិត្តនូវការរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់អាស៊ាន-រុស្ស៊ី ស្តីពីបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT) លើកទី១ ប្រកបដោយជោគជ័យ។
ថ្នាក់ដឹកនាំអាស៊ានបានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ីដែលបានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកជំនាញមកពីប្រទេសជាសមាជិក អាស៊ាន។ អាស៊ានក៏បានទន្ទឹងរង់ចាំផងដែរដល់ការគាំទ្ររបស់រុស្ស៊ីចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក៏ដូចជាការពិចារណាអំពីលទ្ធភាពរបស់រុស្ស៊ីក្នុងការចូលរួមធ្វើកិច្ចសហ-ប្រតិបត្តិការលើវិស័យអាទិភាពនានារបស់អាស៊ាន។

ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត កិច្ចប្រជុំកំពូលបានជំរុញការអនុវត្ត ឱ្យបានពេញលេញនូវផែនទីបង្ហាញផ្លូវសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន-រុស្ស៊ីដែលបានកែសម្រួលថ្មី និងកម្មវិធីការងារពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១-២០២៥ សំដៅជំរុញឱកាសពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងផ្នែកអាហារ និងកសិកម្ម ការដឹកជញ្ជូន ថាមពល ទេសចរណ៍ និងសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម (MSMEs)។

ពាក់ព័ន្ឋនឹងការសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី ដែលបច្ចេកវិទ្យាដើរតួនាទីមួយយ៉ាងសំខាន់នោះ អាស៊ានបានស្វាគមន៍សំណើរបស់រុស្ស៊ី ក្នុងការកំណត់ឆ្នាំ២០២២ ជាឆ្នាំសហ-ប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-រុស្ស៊ី។ កិច្ចប្រជុំកំពូលក៏បានឯកភាពលើកកម្រិតកិច្ចពិគ្រោះយោបល់ផ្នែកទេសចរណ៍ ដល់កម្រិតថ្នាក់រដ្ឋមន្ត្រី ផងដែរ។
ថ្នាក់ដឹកនាំអាស៊ាន ក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ី ក្នុងការគាំទ្រមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់កំពុងវិវត្ត ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន ឈរលើគោលការណ៍ច្បាប់ និងកសាងឡើងដោយឈរលើយន្តការដែលដឹកនាំដោយអាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×