Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះជាខួប ១៧ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ជាខួប ១៧ឆ្នាំហើយ ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។

“ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សា(២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២១)​ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ”នេះបើតាមសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយ នូវមនោសញ្ចេតនាដ៏រំភើប រីករាយឥតឧបមា និងសូមចូលរួមថ្វាយ នូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកប ដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមអភិវន្ទសម្ដែងថ្វាយ នូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ និងជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើន និងជាបន្តបន្ទាប់ ជួយក្នុងវិស័យមនុស្សធម៌ សុខុមាលភាព ការជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ត្រ ពីជំងឺកូវីដ-១៩ និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ព្រមទាំងព្រះរាជសកម្មភាពនានាជាច្រើនទៀត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ដល់ការលើកកម្ពស់កិត្យានុភាពជាតិ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ឱ្យរឹងរឹតតែមានភាពរីកចម្រើនខ្លាំងក្លានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាម មណ្ឌាទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលបោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះករុណាថ្លៃវិសេស ព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរ ដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ»។

ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។

ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុតបំផុតតាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។

នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។

នៅក្នុងឱកាសនោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។

ក្នុងរយៈពេល១៧ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។

ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែក​បរិច្ចាគថវិកាផ្ទាល់​របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទាន​ថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។

នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងពេលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ ព្រះមហាក្សត្រខ្មែរ បានសព្វរាជព្រះហឫទ័យប្រោសប្រទាននូវព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គជាច្រើនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាកនានា ក៏ដូចជាការទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យហ្លួងម៉ែជាដើម។ ក្រៅពីនោះ ព្រះអង្គក៏បានប្រោសព្រះរាជទានជាស្បៀងអាហារ និងថវិកានានា ជូនទៅប្រជាពលរដ្ឋរងគ្រោះផងដែរ។

ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង​ក្នុងទំនាក់ទំនងជាមួយបណ្​ដាប្រទេសជាមិត្ត ព្រះអង្គតែងតែព្រះរាជាអនុញ្ញាតសវនាកាជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។

រយៈពេល ១៧ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ បានធ្វើឱ្យប្រជានុរាស្រ្តខ្មែរមានភាពកក់ក្ដៅយ៉ាងក្រៃលែង។ ក្នុងឱកាសអបអរសាទរខួប១៧ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ លិខិតព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះអង្គ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមន្ត្រីរាជការត្រូវធ្លាក់ជាបន្តបន្ទាប់។ ក្រៅតែពីការថ្វាយព្រះពរថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសកម្មភាពចំពោះជាតិមាតុភូមិ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×