ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានបញ្ជាក់ជាផ្លូវការថា កោះតៃវ៉ាន់ពិតជាមានវត្តមានកងទ័ពរបស់សហអាមេរិកនៅទឹកដីរបស់ខ្លួនពិតប្រាកដមែន។
ជាក់ស្តែង កាលពីថ្ងៃពុធទី ២៧ តុលាកន្លងទៅ ប្រមុខដឹកនាំតៃវ៉ាន់បានធ្លាប់អះអាងប្រាប់សារព័ត៌មានCNNផងដែរថា លោកស្រី អ៊ីងវិន ជឿទុកចិត្តកងទ័ពអាមេរិកក្នុងការការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារឈ្លានពានណាមួយពីសំណាក់ប្រទេសចិន។
ហើយមែនទែនទៅ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបានបញ្ជាក់ថា អាមេរិកត្រៀមបញ្ជូនទ័ពទៅការពារតៃវ៉ាន់ ប្រសិនបើមានដំណឹង និងព័ត៌មានណាមួយផ្តល់មកថា ចិនបានវាយប្រហារកោះតែវ៉ាន់។
ម្យ៉ាងវិញទៀត ពាក្យថាជួយការពារតៃវ៉ាន់ពីអាមេរិក មិនមែនគ្រាន់តែប្រើយុទ្ធសាស្រ្តយោធាតែប៉ុណ្ណោះទេ។ប៉ុន្តែ នៅក្នុងយុទ្ធសាស្រ្តគាំទ្រកោះតៃវ៉ាន់ រដ្ឋមន្រ្តីការបរទេសអាមេរិក នៅសប្តាហ៍នេះ បានអំពាវនាវឲ្យប្រទេសដទៃផ្សេងទៀត ងាកមកជួយគាំទ្រតៃវ៉ាន់ តាមរយៈ ការដាក់បញ្ចូលកោះមួយនេះទៅក្នុងអង្គការសហប្រជាជាតិ។
តែយ៉ាងណា ជុំវិញការអំពាវនាវនេះ ចិនបានប្រតិកម្មប្រឆាំងភា្លមៗ ដោយអះអាងថា គេមិនអាចបញ្ចូលតៃវ៉ាន់ទៅក្នុងស្ថា
ប័នអង្គការសហប្រជាជាតិនោះទេ។ សម្រាប់លោកស្រី ប្រធានាធិបតីតៃវ៉ាន់ ប្រសិនបើប្រទេសខ្លួនរងការវាយឈ្លានពានពីសំណាកប្រទេសចិន នោះអាមេរិក និងប្រទេសដែលគោរពតាមលទ្ធិប្រជាធិបតេយ្យផ្សេងទៀត នឹងចេញមុខជួយការពារតៃវ៉ាន់ជាក់ជាមិនខាន។
លោកស្រីថា តៃវ៉ាន់មិននៅឯកោនោះទេ។ តៃវ៉ាន់ ជាប្រទេស គោរពលទ្ធិប្រជាធិបតេយ្យ សេរីភាព និងអ្នកស្នេហាសន្តិភាព ដូចប្រទេសជាច្រើនក្នុងពិភពលោក។ ដូច្នេះ លោកស្រីមិនជឿថា ប្រទេសដែលស្រឡាញ់សេរីភាព និងប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត បណ្តោយឲ្យប្រទេសផ្តាច់ការនិយម វាយដណ្តើម គ្រប់គ្រង បំផ្លាញប្រទេសដែលជំរុញ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចជាតៃវ៉ាន់នោះទេ៕ ប្រភព៖ The wall street journal