Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារមួយខែ ដល់កម្មករ-និយោជិតបំពេញការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រយៈពេល ៣ខែទៀត

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តផ្តល់ប្រាក់ឧត្ថម្ភដល់បុគ្គលិក-កម្មករបម្រើការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ការបូបធ្វើដំណើរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរការងារ ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងរយៈពេល ៣ខែបន្ថែមទៀត គឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១។

រាជរដ្ឋាភិបាល បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ដុល្លារ សម្រាប់កម្មករ-និយោជិតម្នាក់ (ជាសរុប កម្មករ-និយោជិតម្នាក់ ទទួលបាន៧០ ដុល្លារក្នុងមួយខែ)។

ដោយឡែក សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ នឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១។ សហ-គ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

គួរបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី១០) ចេញនៅថ្ងៃទី ២៨ខែតុលា ឆ្នាំ ២០២១ បានបញ្ជាក់ថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារ ការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុងមួយខែ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១៕

spot_img
×