ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ លើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈម ដើម្បីសន្តិសុខ សន្តិភាព ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ តាមបណ្ដាខេត្តជាប់ព្រំដែន ឲ្យកាន់តែរឹងមាំ និងទូលំទូលាយ ប្រសិទ្ធភាព ថែមទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ភាគីកម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ចំណែកភាគីវៀតណាម ដឹកដោយ លោក ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ, ហើយលទ្ធផលដែលសម្រេចបានដូចខាងលើនេះ គឺបានមកពីស្មារតីនៃកិច្ចប្រជុំលើកទី១០កន្លងមក ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
បរបៀបវារៈសំខាន់ៗ ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំ គឺភាគីទាំងពីរបានបង្ហាញនូវការគាំទ្រលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តនិងខេត្ត ជាប់ព្រំដែន ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងច្រើននាពេលកន្លងមក។ តទៅទៀត នឹងរៀបចំឱ្យមានជំនួបប្រាស្រ័យ សន្ទនាតាមទូរស័ព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីរួមគ្នារក្សាសន្តិសុខ សន្តិភាព បង្កើនការវិនិយោគ ពាណិជ្ជកម្ម បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះ ភាគីទាំង២ បានអបអរសាទរ ចំពោះការប្រារព្ធ ពិធី សម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវ ច្រកទ្វារព្រំដែន អន្តរជាតិ ម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្ត រវាង ខេត្តព្រៃវែង និងខេត្តតៃនីញ និងបានឯកភាពគ្នា រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ច្រកទ្វារអន្តរជាតិនេះ ជាមួយនឹងបណ្តាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសនីមួយៗ។
ចំណែកកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ជាបន្តទៀត គ្រោងនឹងធ្វើឡើងនៅ ប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ហើយកាលបរិច្ឆេទ និងទីកន្លែងប្រជុំជាក់ស្ដែង នឹងត្រូវជូនដំណឹងតាមរយៈផ្លូវទូត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













