Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីកម្ពុជា កាន់ញញួរជាប្រធានអាស៊ាន ៣ ដង រំលេចការងារអាទិភាព ចំនួន ៣ ប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន

ភ្នំពេញ ៖ ក្នុងពិធីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានដល់ពេលវេលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលញញួរ ធ្វើជាប្រធានអាស៊ាន តាមលំដាប់អក្សរឡាតាំង និងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលពាក់ព័ន្ធនា ឆ្នាំ២០២២ , ហើយ សម្តេចតេជោ ហ៊ុន សែន បានប្ដេជ្ញាថា កម្ពុជានឹងខិតខំប្រឹងប្រែងដឹកនាំកិច្ចការរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់នារាត្រី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១, ស្ថិតនៅចំពោះមុខមេដឹកនាំអាស៊ាន ដែលអវត្តមានតំណាងមកពីមីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានអាស៊ានប្ដូរវេនសម្រាប់ឆ្នាំ២០២២នេះ, ដោយសម្ដេចលើកឡើងថា ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរធ្វើជាប្រធានអាស៊ាន ៣ដង ចាប់តាំងពីក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ ការធ្វើជាប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ , លើកទី២ នៅឆ្នាំ២០១២ ហើយលើកទី ៣ នេះ គឺក្នុងឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ ” អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together) ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល ” ។ ជាពិសេស ជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវការងារអាទិភាព ចំនួន ៣ ដែលកម្ពុជានឹងផ្តោតការយកចិត្តទុកដាក់ អាទិភាព រួមមាន ៖

១- សសរស្តម្ភនយោបាយ និង សន្តិសុខ ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និង ឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និង គោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក ដោយឈរលើភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតែកើនឡើង។

២- សសរស្តម្ភសេដ្ឋកិច្ច ៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្តារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើងរស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជីវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំង ការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

៣- សសរស្តម្ភសង្គម-វប្បធម៌ ៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា កសាងសន្តិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្ន។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។ ជារួម កម្ពុជានឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ ជាមួយគ្នានេះ យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ាន សម្រាប់រយៈពេលក្រោយឆ្នាំ២០២៥៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×