Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ព្រែកត្នោត ជាង៨០០ គ្រួសារនៅខណ្ឌដង្កោ ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ដែលទទួលរងគ្រោះ ដោយសារ ជំនន់ទឹកស្ទឹងព្រែកត្នោតចំនួនជាង៨០០ គ្រួសារ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយជូន ដើម្បីសម្រាលការលំបាកជូនពួកគាត់ ក្នុងគ្រាដ៏លំបាកនេះ។

ពីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅសង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តា ភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពី តំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌ កំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួន ៤ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានបន្តហូរជន់លិចក្នុងភូមិចំនួន ៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំង បណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលបន្តថា៖ ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការ ខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយ ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីមូល សុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទី កន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះដល់អាយុជីវិតឡើយ។

ឯកឧត្តមឃួង ស្រេង បញ្ជាក់ទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្តី បានផ្ដល់ព្រះរាជអំណោយមនុស្សធម៌ ដើម្បីចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៣៧ គ្រួសារ ដែល រស់នៅក្នុងតំបន់រងផលប៉ះពាល់ ក្នុងនោះ សង្កាត់គងនយ មានចំនួន ៤៩១ គ្រួសារ និងសង្កាត់ទៀន មានចំនួន ៣៤៦ គ្រួសារ។អភិបាលរាជធានីលើកឡើងទៀតថា៖ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ និងព្រះព្រហ្មវិហារធម៌ នាពេលនេះ ពិតជាបាន ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុត អស់ពី កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ជាតិមាតុភូមិ ដើម្បីដោះស្រាយ និងសម្រាលការលំបាកប្រជារាស្ត្រ របស់ព្រះអង្គ នៅគ្រប់ដំណាក់កាលទាំងអស់។

ក្នុងឱកាសនោះសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានមានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានព័ត៌មានពីការលិចលង់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋដោយទឹកជំនន់ព្រែកត្នោតនេះ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់ឱ្យសម្ដេច នាំយកព្រះរាជអំណោយមនុស្សធម៌នេះ មកចែកជូនបងប្អូនប្រជាពរដ្ឋចំនួន៨៣៧គ្រួសារនៅក្នុងខណ្ឌដង្កោនេះតែម្តង។

សម្ដេចចៅហ្វាវាំង បានបន្តថា ព្រះរាជអំណោយរបស់សម្ដេចម៉ែដែល ត្រូវប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំង៨៣៧ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អាវយឺតមួយ អង្ករ ៥០គីឡូក្រាម ម៉ាស១០បន្ទះ មី១កេស ត្រីខ ១០កំប៉ុង តង់១ ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១)និងថវិកាចំនួន៤សែនរៀល។

នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង ក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអនុវត្តឲ្យបាន៣កុំនិង ៣ការពារ ដើម្បីយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩៕រក្សាសិទ្ធិដោយ ៖ កូលាប

×