Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយផ្តាច់ផ្លូវបេតុងវត្តតាក្តុល ដើម្បីបង្ហូរទឹកជំនន់ចេញពីភូមិចំនួន៣ មានប្រជាជនចំនួន ៥៤៨ គ្រួសារ

ភ្នំពេញ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ផ្លូវបេតុងវត្តតាក្តុល ត្រូវបានកាយផ្តាច់ជាបណ្តោះអាសន្ន ដើម្បីបង្ហូរទឹកចេញពីភូមិចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោត ។

តំបន់លិចទឹកនេះ មានចំនួន ០៣ភូមិ គឺភូមិខ្វឹត ភូមិពោធិ៍រលំ និងភូមិក្រាំងតាផូ មានប្រជាជនចំនួន ៥៤៨ គ្រួសារ ដែលហ៊ុំព័ទ្ធជុំវិញដោយស្ទឹងព្រែកត្នោត និងទំនប់ ៧មករា ដែលជាតំបន់ទឹកជំនន់ស្រកអស់ចុងក្រោយ ។

ចំណែកលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងសារលើផេកហ្វេសប៊ុក ផ្លូវការថា ស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈទឹកស្ទឹងបានស្រកចុះមកវិញផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា “ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ ធ្វើឱ្យខណៈពេលនេះ ស្ថានភាពទឹកជំនន់ នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងទាំងស្រុង។ ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាព លិចលង់ទៀតឡើយ ផ្ទុយមកវិញ ទីតាំងដែលបានលិចក៏កំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ”។

សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តា ភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពី តំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌ កំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ តាមបណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយ ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីមូល សុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទី កន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះដល់អាយុជីវិតឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×