ភ្នំពេញ ៖ អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅក្រសួងមហាផ្ទៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះពាក្យស្នើសុំបង្កើតគណពក្សនេះ គឺក្រសួងបានទទួលរួចហើយ ប៉ុន្តែមិនទាន់បានដាក់ឲ្យជំនាញពិនិត្យនៅឡើយទេ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ CEN នៅថ្ងៃទី២៩ ខែតុលា នេះថា ក្រសួងមហាផ្ទៃបានទទួលពាក្យស្នើសុំបង្កើតគណបក្ស អនាគតជាតិ របស់លោកឃីម ឡាគី រួចហើយ។
សូមជម្រាបថា លោកឃីម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្ស អនាគតជាតិ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី២៩ ខែតុលា នេះ ក្រសួងមហាផ្ទៃនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរង់ចាំខាងជំនាញពីនិត្យមើលសិន។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោកឃីម ឡាគី និងលោកម៉ៅ សុផល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
