ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលពីល្ងាចថ្ងៃសុក្របានលើកឡើងថា អន្តរការីនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រដដែល ស្តីពីការផ្អាកនូវកិច្ចចរចាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក៏ដូចជាសំណើរបស់ទីក្រុងសេអ៊ូលចំពោះការប្រកាសបញ្ចប់សង្គ្រាមរវាងកូរ៉េនឹងកូរ៉េក្នុងឧបទ្វីបរបស់ខ្លួន។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា លោក ណូ ខ្យូដុក តំណាងឱ្យអន្តរការីពិសេសសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខក្នុងឧបទ្វីបកូរ៉េ និងសមភាគីអាមេរិក លោក ស៊ុង គីមបានយល់ព្រមចំពោះតម្រូវការដើម្បី “គ្រប់គ្រងស្ថានការណ៍ប្រកបដោយស្ថិរភាព” នៅលើឧបទ្វីបនេះ។
បន្ថែមពីនេះ ក្រសួងការបរទេសចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយថា៖«ពួកគេបានធ្វើការពិគ្រោះពិភាក្សាក្នុងន័យស្ថាបនា ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងការប្រកាសបញ្ចប់សង្គ្រាមជាដើម»។
សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ថែមទៀតថា ៖«ពួកគេ(កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក)នឹងបន្តការពិភាក្សាពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នា សម្រាប់ការចាប់ផ្តើមឡើងវិញមួយប្រកបដោយភាពរហ័សរហួននៃដំណើរការសន្តិភាពកូរ៉េ»។
បើតាមលក្ខខណ្ឌជាក់ស្តែង ការពិភាក្សាតាមទូរស័ព្ទរវាងសម្ព័ន្ធមិត្តទាំងពីរ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំផ្ទាល់របស់ថ្នាក់ដឹកនាំទាំងពីរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកាលពីដើមខែនេះ បានពិភាក្សាអំពីសេចក្តីប្រកាសដែលបានស្នើឡើងជាផ្លូវការក្នុងការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលជាមធ្យោបាយដើម្បីដោះស្រាយដល់កិច្ចសន្ទនាដែលបានជាប់គាំងអស់រយៈពេលជាច្រើនទសវត្ស ជាមួយទីក្រុងព្យុងយ៉ាង។
មែនទែនទៅ ការចរចាបានធ្វើឡើងនៅអំឡុងពេលមានការព្រួយបារម្ភអំពីភាពខុសគ្នារវាងសម្ព័ន្ធមិត្តជុំវិញសំណើនេះ។ កាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចេក ស៊ូលីវ៉ាន់បានថ្លែងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន អាចមាន “ទស្សនៈផ្សេងគ្នាលើលំដាប់ច្បាស់លាស់ ឬពេលវេលា និងលក្ខខណ្ឌសម្រាប់ជំហានផ្សេងៗគ្នា” ចំពោះកិច្ចពិភាក្សានេះ។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបាននឹងកំពុងធ្វើការពិភាក្សា ក្នុងទិសដៅ “ចង់បានទៅវិញទៅមក” ហើយថាការពិគ្រោះយោបល់ការទូតអាចបង្រួមភាពខុសគ្នារបស់ពួកគេលើព័ត៌មានលម្អិតណាមួយបន្ថែមទៀត៕ ប្រភព៖ YonHap News Agency