Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និង IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២%

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងថា តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ“ គេហទំព័រ KhmerSME ” នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal “តាមរយៈប្រព័ន្ធពាក់កណ្តាលអនឡាញ”។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឲ្យរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មបានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ពិសេស ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលបង្កវិនាសកម្មដ៏អាក្រក់ដល់ជីវិតមនុស្សជាតិ និងសេដ្ឋកិច្ច។ ផ្អែកលើបរិការណ៍នេះ រាជ រដ្ឋាភិបាលបានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូចនិងមធ្យម ជាវិស័យអាទិភាព ដែលមានលទ្ធភាពជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិឲ្យមានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួនជាទំនិញ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

ទន្ទឹមនេះ តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ រីឯវិស័យសេវាកម្មរងផលប៉ះពាល់ខ្លាំង ពិសេស ផ្នែកទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។

ការព្យាករកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ គឺនឹងឡើងដល់ ៤.៨% តាមរយៈការដាក់ឲ្យដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម ដូចជា ផលិតកម្ម អាជីវកម្ម សាលារៀន សេវាកម្មទេសចរណ៍ ដោយស្នើឲ្យប្រជាពលរដ្ឋមានការចូលអនុវត្តន៍គោលការណ៍ សុខាភិបាលឲ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុត ដែល គិតដល់ត្រឹមថ្ងៃទី២៧ តុលា ម្សិលម៉ិញ គឺអាត្រានៃការចាក់វ៉ាក់សាំងឡើងដល់ ៨៥.៥៥% នៃចំនួនប្រជាពលរដ្ឋ ១៦លាននាក់ (កុមារអាយុចាប់ពី ៦-១១ឆ្នាំ ស្មើ ១០០.៨៣% នៃចំនួន ១.៨៩៧.៣៨២ នាក់, យុវជនអាយុ១២-១៧ឆ្នាំ ស្មើ ៩០.៧៨% នៃចំនួន ១.៩៦៦.៩៣១នាក់ និង មនុស្សចាស់អាយុពី១៨ឆ្នាំ ឡើងទៅ ស្មើ ៩៩.៩០% នៃចំនួន ១០.០០០.០០០នាក់) រួមទាំងការដាក់ចេញនូវវិធានមុតស្រួចបន្ថែមទៀតផងដែរ ដូចជា៖ ការបើកឲ្យដំណើរការហោះហើរ ជាមួយប្រទេសថៃដែលមានជើងហោះហើរចំនួន ៤៦ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ ដោយអនុវត្តន៍គោលការណ៍បដិការ និងជើងហោះហើរពីប្រទេសដទៃទៀត ដើម្បីចាប់យកឱកាសដ៏ល្អនេះក្នុងការទទួលយកភ្ញៀវទេសចរណ៍បរទេស ទេសចរណ៍សុវត្ថិភាពឬទេសចរណ៍វ៉ាក់សាំង ម្ចាស់ការធ្វើតេស្ត និងព្យាបាល ជម្ងឺមានអាការៈស្រាល ជាដើម ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តជំរុញដំណើរការកសាងប្រព័ន្ធអេកូឡូស៊ីថ្នាលបណ្តុះអាជីវកម្មបច្ចេកទេស (Business Technology Incubation) និងកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម (Business Acceleration) នៅកម្ពុជាឱ្យមានវិសាលភាពទូលំទូលាយ។ បន្ទាប់ពីបានតភ្ជាប់ប្រព័ន្ធ SME Online Registration ទៅនឹងប្រព័ន្ធថ្នាលបច្ចេកវិទ្យា CamDX រួចមក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ សម្រាប់ឲ្យសហគ្រាសធ្វើការចុះបញ្ជីតាមប្រព័ន្ធអនឡាញទាំងអស់។

សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងសង្គម តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឲ្យអស់លទ្ធភាពនៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរបច្ចេកវិទ្យា។ ជាក់ស្តែង កាលពីខែកក្កដាកន្លងទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិធីអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកម្ពុជាប្រារព្ធជាលើកដំបូងក្នុងឆ្នាំ២០២១ និងបានចូលរួមជាមួយគណៈកម្មការសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមអាស៊ាន (ACCSME) ដាក់ឱ្យដំណើរការជាផ្លូវការ គេហទំព័រព័ត៌មានអាជីវកម្មក្នុងតំបន់អាស៊ាន មានឈ្មោះថា ASEAN Access។ ខណៈពេលនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME” នាពេលដ៏ខ្លីខាងមុខនេះដែរ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដែលខិតខំប្រឹងប្រែងបង្កើត “គេហទំព័រ KhmerSME” នេះឡើង ដើម្បីជួយជំរុញបង្កើនសមត្ថភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូច តូច និងមធ្យមនៅកម្ពុជា ឲ្យមានសម្ទុះទៅមុខឈានមួយកម្រិតបន្ថែមទៀត សំដៅប្រែក្លាយជាកម្លាំងចលករពិតៗ ក្នុងការចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ សង្គម៕រក្សាសិទ្ធិដោយ ៖ កូលាប

×