ភ្នំពេញ ៖ ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្តីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័នរបស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យទូរគមនាគមន៍ និងឌីជីថល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះពានរង្វាន់កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាព គ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ គឺជាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍កម្រិតសកល ផ្ដល់ជូន ប្រទេសសមាជិក ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាតឱ្យសហគមន៍ សា្ថប័ន និងប្រជាពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺ រាតត្បាតបានទាន់ពេលវេលា។ កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ ស្ថាប័ននៅជុំវិញពិភពលោក ហើយកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងជំរុញឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់ ដើម្បីគ្រប់ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋអាចប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ។
ប្រព័ន្ធនេះក៏បានក្លាយជាប្រព័ន្ធ QR Code បណ្ណចាក់វ៉ាក់សាំង ឌីជីថល Stop QR Code Vaccine” ដែលប្រើសម្រាប់ពហុគោលបំណងទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ជាក់ថា ការទទួលបានជ័យលាភីនេះ កម្ពុជានឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន ២០.០០០ ដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការពង្រីកបន្ថែមប្រព័ន្ធឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺការទទួលបានការអញ្ជើញចូលរួម ក្នុងកម្មវិធីហ្វឹកហ្វឺនដែលរៀបចំដោយសហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធរបស់កម្ពុជាយើង ជូនដល់បណ្តាប្រទេសដទៃទៀតសម្រាប់យកជាគំរូផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


