ភ្នំពេញ ÷ អាសូរណាស់ ក្មេងប្រុសម្នាក់ត្រូវបានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯក្មេងស្រីត្រូវជាបង បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដើរលក់ម្ជូរ ត្រូវរថយន្តប្រភេទធុនធំ បើកបុកពីក្រោយបណ្ដាលឲ្យដួលបោ.កក្បាលនឹងថ្នល់ ចំណែករថយន្តបង្កក៏បន្តដំណើររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែផ្លាកលេខនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញក្មេងប្រុសស្រី ២នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1S-9934 ធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងមកជើងបម្រុងនិងជិះឡើងលើស្ពានព្រែកសំរោង ខណៈជិះដល់គល់ស្ពានស្រាប់តែមានរថយន្តបង្កធុនធំមួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 2A-0606 បើកបរស្របទិសគ្នាពីត្បូងមកជើង ក្នុងល្បឿនលឿនឡើងស្ពានព្រែកសំរោង ក៏ជ្រុលទៅបុ.កពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះក្មេងប្រុស ដួលបោ.កក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកក្មេងស្រីអង្គុយពីក្រោយរងរបួសធ្ងន់។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តបង្កសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីឈានទៅដល់ការឃាត់ខ្លួន ទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត






