កោះកុង ៖ តំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដែលមានផែនការមេរៀបចំសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តកោះកុង បានប្តេជ្ញាខិតខំបង្ហើយការងារសាងសង់ព្រលានយន្តហោះអន្តរជាតិឆាប់ៗនេះ ធ្វើយ៉ាងណាឱ្យឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលរាជរដ្ឋាភិបាល ប្រកាសបើកដំណើរការទទួលភ្ញៀវទេសចរវ៉ាក់សាំង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការលើកឡើងបែបនេះរបស់ ក្រុមហ៊ុនវិស្សមកាលតារាសាគរ ធ្វើឡើងក្នុងកិច្ចប្រជុំ ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅឯសាលប្រជុំនៃខេត្តកោះកុង, ដោយភាគីតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ បាននិយាយឲ្យដឹងទៀតថា បច្ចុប្បន្ន ព្រលានយន្តហោះអន្តរជាតិក្នុងខេត្តកោះកុង ត្រូវបានសាងសង់ជិតរួចរាល់ហើយ នៅតែដេគ័រហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ, ហើយថា ព្រលាននេះ នឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ ខាងមុខ។
ជាការបង្ហាញនូវភាពប្រាកដនិយម តំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ បានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងទឹកដីខេត្តកោះកុងមួយនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារអ្នកដំណើរ អាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំ ដែលស័ក្ដិសមល្មមនឹងបច្ចុប្បន្នភាពនៃខេត្តកោះកុង។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុកភាពសម្រាប់ភ្ញៀវ។ តំណាងក្រុមហ៊ុន វិស្សមកាលតារាសាគរ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទប់ស្កាត់ជំងឺកាចសាហាវកូវីដ-១៩ រហូតទទួលស្គាល់ពីស្ថាប័នពិភពលោកថា ធ្វើការគ្រប់គ្រងហានិភ័យបានល្អ និងបានជ្រើសរើសតំបន់តារាសាគរ ជាតំបន់បើកទេសចរណ៍វ៉ាក់សាំង។
សូមបញ្ជាក់ថា ព្រលានយន្តហោះតារាសាគរមួយនេះ ស្ថិតក្នុងស្រុក បទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក ហើយអាចអនុញ្ញាតឱ្យយន្តហោះធុនយក្សប្រភេទប៊ូអីង ៧៧៧ និង អ៊ែរបើស A៣៤០ ចុះចតបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










