Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យក្រុមហ៊ុនវិស្សមកាលតារាសាគរ ពង្រីកសេវាកម្មទេសចរណ៍ និងផាសុកភាព ត្រៀមទទួលភ្ញៀវ

កោះកុង ៖ ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរវ៉ាក់សាំង ក្នុងទឹកដីខេត្តកោះកុង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ដែលចាប់ផ្ដើមបើកដំណើរការទទួលភ្ញៀវទេសចរវ៉ាក់សាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការជំរុញ និងការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានធ្វើឡើង កាលពីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅឯសាលប្រជុំនៃទឹកដីខេត្តកោះកុង ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរនិងមន្ត្រីអាជ្ញាធរខេត្តកោះកុងជាច្រើនរូប, ដោយ លោករដ្ឋមន្ត្រី បានបង្ហាញនូវទស្សនទានថា យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព នៅក្នុងតំបន់វិស្សមកាលតារាសាគរ ជាពិសេសគោលដៅទេសចរណ៍ក្នុងខេត្តកោះកុងទាំងមូល។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការដែលជំរុញឲ្យក្រុមហ៊ុនវិស្សមកាលតារាសាគរពង្រីកសេវាកម្មទេសចរណ៍របស់ខ្លួនបែបនេះ គឺដើម្បីឱ្យដើរស្របនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាបន្តបន្ទាប់ សម្រាប់គោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី។

លោក ថោង ខុន បានលើកឡើងទៅកាន់ក្រុមហ៊ុនវិស្សមកាលតារាសាគរថា ប្រសិនបើយើងពង្រីកតំបន់ទេសចរណ៍ សេវាកម្មល្អ ប្រកបដោយផាសុកភាព និងមានតម្លៃសមរម្យ គឺមិនត្រឹមតែទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនប៉ុណ្ណោះទេ យើងថែមទាំងទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ក៏ច្រើនផងដែរ ខណៈពេលបច្ចុប្បន្ន ភ្ញៀវទេសចរផ្ទៃក្នុងក៏ពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរណ៍នានារួចហើយដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ បានសន្យាថា នឹងខិតខំពង្រីកសេវាកម្មក្នុងតំបន់ទេសចរណ៍របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុកភាពសម្រាប់ភ្ញៀវ។ តំណាងក្រុមហ៊ុន វិស្សមកាលតារាសាគរ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទប់ស្កាត់ជំងឺកាចសាហាវកូវីដ-១៩ រហូតទទួលស្គាល់ពីស្ថាប័នពិភពលោកថា ធ្វើការគ្រប់គ្រងហានិភ័យបានល្អ និងបានជ្រើសរើសតំបន់តារាសាគរ ជាតំបន់បើកទេសចរណ៍វ៉ាក់សាំង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×