សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ ដោយសម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្បូណ៌បែបរួមមានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ដែលជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាព ខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀទេសចរ មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនឡើងនាពេលខាងមុខ។
ការថ្លែងកោតសរសើរនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះដោយមានការអមដំណើរពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រតិភូ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងបានអញ្ជើញពិនិត្យបន្ទប់ទឹកសាធារណៈ និងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ព្រមទាំងបន្តអញ្ជើញពិនិត្យផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប