កំពង់ស្ពឺ ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីព្រឹកមិញថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ ខ្ញុំនិងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្របសម្រួលជួយដោះស្រាយក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ បញ្ចប់វិវាទរ៉ាំរ៉ៃមួយដែលមានរយៈពេលជាង ១៧ឆ្នាំមកហើយ រវាងភាគីកូនបំណុលនិងភាគីម្ចាស់បំណុល បានចប់ជាស្ថាពរក្រោមគតិបណ្ឌិតណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តមដួង តារា បានថ្លែងថា ករណីវិវាទនេះគឺបានកើតចេញពីការចងការប្រាក់នៅឆ្នាំ២០០៤ ដែលឈ្មោះ នួន ផល្លី បានខ្ចីចងការប្រាក់ដោយបានដាក់ដី-ផ្ទះល្វែង (ទំហំ២ល្វែង) ដែលមានទីតាំស្ថិតនៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាការធានាឲ្យម្ចាស់បំណុលឈ្មោះ ខឹម សុខឃីម ។ ដោយសារមានបញ្ហាយឺតយ៉ាវក្នុងការបង់សងម្ចាស់បំណុល ក៏កើតមានការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដី-ផ្ទះនៅឆ្នាំ២០០៩ ពីឈ្មោះ នួន ផល្លី ទៅអោយឈ្មោះ ខឹម សុខឃីម។
ប៉ុន្តែ នួន ផល្លី បានអះអាងថាគាត់ពិតជាបានខ្ចីប្រាក់ពី ខឹម សុឃីម ពិតប្រាកដមែន ប៉ុន្តែខ្លួនមិនបានលក់ ឬធ្វើការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដីផ្ទះនេះឲ្យ ខឹម សុឃីម ទេ។ នួន ផល្លី បញ្ជាក់ថាបានសងប្រាក់ទៅម្ចាស់បំណុលហើយ ប៉ុន្តែគាត់មិនព្រមប្រគល់ប្លង់ដីច្បាប់ដើមមកឲ្យខ្លួនវិញឡើយ។
មុននឹង ខឹម សុខឃីម ទទួលមរណៈភាពនៅឆ្នាំ២០១៦ គាត់បានផ្ទេរប្រគល់ផ្ទះនិងដីជាអំណោយផ្ទះ ឲ្យមកក្មួយគាត់ឈ្មោះ សៀ ភារម្យ មានប្រពន្ធឈ្មោះ កែវ រង្សី។
ភាគីទាំង២ទាមទារតវ៉ាយកត្រូវរៀងៗខ្លួន ដោយកូនបំណុលអះអាងថា ដីនិងផ្ទះគាត់គឺយកទៅបញ្ចាំមិនមែនលក់ទេ។ រីឯម្ចាស់បំណុលថ្មីអះអាងថាដីនិងផ្ទះនេះជាអំណោយពីមីង។

នៅឆ្នាំ ២០១៦ ភាគីទាំងពីរបានប្តឹងផ្តល់គ្នាឡើងតុលា ដែលភាគីកូនបំណុលចាញ់ក្តីទាំង៣សាលាគឺតាំងពីសាលាដំបូងខេត្តកំពង់ស្ពឺ សាលាឧទ្ធរណ៍និង តុលាកាកំពូលនៅឆ្នាំ២០១៨ ដែលបានសម្រេចទទួលស្គាល់សិទ្ធិអត្ថិភាពនៃសិទ្ធិលើអចលនទ្រព្យដី-ផ្ទះនេះជារបស់ សៀ ភារម្យ (មានប្រពន្ធឈ្មោះ កែវ រង្សី) ដែលជាម្ចាស់បំណុលថ្មី ហើយបង្គាប់ឲ្យ នួន ផល្លី និងមនុស្សទាំងអស់ដែលកំពុងរស់នៅក្នុងផ្ទះចាកចេញពីដីនិងផ្ទះនេះ។
ជាក់ស្តែងការអនុវត្ត២ដងរួចមកហើយមិនបានសម្រេចរួមទាំងការចុះអនុវត្តន៍សាលដីការកាលពីថ្ងៃទី ២៨ តុលា ២០២១ កន្លងទៅដែលភាគីកូនបំណុលមិនព្រមរុះរើចាកចេញពីផ្ទះនិងដី ដាច់ខាតដោយសុខចិត្តស្លាប់នៅលើដីខ្លួន ម៉្យាងវិញទៀត ភាគីកូនបំណុលមានបងប្អូនរស់នៅក្នុងផ្ទះជាមួយគ្នាចំនួន ១៣នាក់ ដែលមិនដឹងរើទៅរស់នៅទីណាព្រោះពុំមានលទ្ធភាព។ ក្នុងពេលអាជ្ញាសាលាចុះអនុត្តន៍កន្លងទៅនេះក៏មានការផ្សាយផ្ទាល់តាមបណ្តាញសង្គមជាច្រើន ដែលបានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពី សម្តេចតេជោ។
ក្រោយពីបានឃើញស្ថានភាពធ្ងន់ធ្ងរនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យខ្ញុំ និងលោកអភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលជួយដោះស្រាយ បញ្ហាក្រៅប្រព័ន្ធតុលាការ ដែលបានឈានទៅបញ្ចប់វិវាទទាំងស្រុង ឈរលើគោលការណ៍ឈ្នះឈ្នះ ដែលភាគីម្ចាស់បំណុលយល់ព្រមទទួលយកផ្ទះ១ល្វែងនៅផ្នែកខាងជើង រីឯភាគីកូនបំណុលយល់ព្រម ទទួលយកផ្ទះ១ល្វែងនៅផ្នែកខាងត្បូង ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សះជាបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ ដែលមានរូបខ្ញុំ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធនានា ព្រមទាំំង ឧត្តមសេនីយ៍ឯក តេង ស៊ីថា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលត្រូវជាពូរបស់ កែវ រង្សី ចូលរួមធ្វើសាក្សីដឹងឮផងដែរ។ ប្រជាពលរដ្ឋទាំង២ភាគីមានសេចក្តីរីករាយ ក្រៃលែងដែលបានបញ្ចប់វិវាទរ៉ាំរ៉ៃជាង១៧ឆ្នាំមកនេះ ហើយក៏បានគោរពអរគុណសម្តេចតេជោ ដែលបានយកចិត្តជួយពួកគាត់ឲ្យ ទទួលបានជម្រករស់នៅទាំង២ភាគី។

ឯកឧត្តមដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែគិតគូចំពោះសុខទុក្ខនិងជាម្លប់ដ៏កក់ក្តៅរបស់ពលរដ្ឋនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធព្រមទាំងភាគីទាំង២ ដែលបានចូលរួមសម្របសម្រួលដោះស្រាយ បញ្ចប់វិវាទរ៉ាំរ៉ៃដែលមានរយៈពេលជាង១៧ឆ្នាំមកនេះ បានចប់ជាស្ថាពរនៅថ្ងៃនេះ តាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ”។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ ៖ កូលាប









