ភ្នំពេញ ៖ បើតាមទំព័រហ្វេសប៊ុករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ខ្ញុំបានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ដឹកនាំគណៈកម្មការសាងសង់អគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីដំឡើងដងទង់ជាតិ ២ដើម, មួយដើមមានកម្ពស់ ២០ម៉ែត្រ នៅមុខទីស្តីការក្រសួងការពារជាតិថ្មី, ហើយថា គិតមកដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ អគាររដ្ឋបាលនៃទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់សម្រេចលទ្ធផលប្រមាណ ៩៩ភាគរយហើយ។

សូមបញ្ជាក់ថា អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី ក្នុងនោះមាន សាលប្រជុំធំផងនោះ មានទទឹងប្រវែង ២៨ម៉ែត្រ , បណ្ដោយប្រវែង ១៩១ម៉ែត្រ , កម្ពស់ ៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង។
ទីស្តីការក្រសួងការពារជាតិថ្មីនេះ មានរៀបចំទីកន្លែងទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ , ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារតែម្ដង បើទោះជាមានភ្លៀងធ្លាក់។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ , បន្ទប់សវនាការតូច-ធំ , ទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន១,០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ។
អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតាមគម្រោងផែនការ សាងសង់មានរយៈពេល ៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ, ប៉ុន្តែ ដោយសារវិបត្តិកូវីដ-១៩ ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ខែ ដូច្នេះ ការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ទើបត្រូវបានបញ្ចប់ ហើយពេលនេះនៅសល់តែការសម្អាតតិចតួចប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















