ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។
ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅព្រឹកថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចេះត្រចង់ របស់កម្ពុជា លើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
វិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺតាមវិធានការសុខាភិបាល ដូចជាការបិទខ្ទប់តំបន់ឆ្លងរីករាលដាលខ្លាំង បិទអាជីវកម្មមិនចាំបាច់ បិទការធ្វើដំណើរឆ្លងដែន និងការជំរុញប្រជាពលរដ្ឋអនុវត្តវិធានការការពារ «៣កុំ៣ការពារ»។ ក្រៅតែពីការប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលហើយនោះ ការប្រឹងប្រែងក្នុងការរុករកអ្នកឆ្លងជំងឺ និងជួយព្យាបាលអ្នកឆ្លងឱ្យផុតពីការស្លាប់ ក៏ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយរបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ ៖ កូលាប

