ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមាន អាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ជាថ្មីទៀត សម្រាប់កុមារ អាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នេះគឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩យ៉ាងស្រួចស្រាវ ក្រោយព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ»។
ស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ៥ឆ្នាំវិញ ÷
១- មន្ទីរពេទ្យកាល់ម៉ែត ÷ សម្រាប់កូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋសភា និងកូនចៅឥស្សរជន ដែលមានតួនាទីជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ, ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី០១ ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
២- មន្ទីរពេទ្យព្រះអង្គឌួង ÷ សម្រាប់កូនចៅឥស្សរជន ដែលជា អនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ , ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី០១ ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
៣- មន្ទីរពេទ្យកុមារជាតិ ÷ សម្រាប់ចាក់ជូនកូនចៅមន្ត្រីរាជការ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិនៃក្រសួង-ស្ថាប័ន ចំនួន ២៤ របស់រដ្ឋ។
៤- មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក ÷ សម្រាប់ចាក់ជូនកូនចៅមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះនិងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិនៃក្រសួង-ស្ថាប័ន ចំនួន ១០ របស់រដ្ឋ។
៥- មន្ទីរពេទ្យគន្ធបុប្ផា ÷ សម្រាប់ចាក់ជូនកូនចៅមន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះនិងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិនៃក្រសួង-ស្ថាប័ន ចំនួន ១២ របស់រដ្ឋ។

៦- ចំពោះកូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ឬស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី បុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត កូនចៅអ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា សូមទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។
៧- ចំពោះកូនចៅមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកូនចៅប្រជាពលរដ្ឋទូទៅ ក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវរៀបចំចាក់ជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥, រដ្ឋបាលរាជធានី-ខេត្ត នឹងចេញសេចក្ដីជូនព័ត៌មាន ស្ដីពីទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមាន អាយុ៥ឆ្នាំ ព្រមទាំងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាប ដោយចាប់ផ្ដើមចាក់នៅតាមគោលដៅរដ្ឋបាលដែនដី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ មានរយៈពេល ២៨ថ្ងៃ។
- ឯកសារត្រូវភ្ជាប់មកជាមួយ រួមមាន ÷ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុក-ម្ដាយ ដែលបម្រើការនៅស្ថាប័នរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













