ក្រចេះ ៖ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ អាយុ៤២ឆ្នាំ ជាមេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ នៃខេត្តក្រចេះ ទៅលើកុមារី ០២នាក់ ជាកូនឈ្នួលបម្រើផ្ទះ ដោយទះកំផ្លៀង វាយដំ និងបង្ខំឱ្យស៊ីអាចម៍ឆ្កែ គ្រាន់តែអចេតនាធ្វើឱ្យកូនឆ្កែរបស់លោកមានជំងឺឈឺងាប់។

ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សូមកោតសរសើរ ព្រមទាំងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ព្រមទាំងមេធាវីរបស់រាជរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តការពារករណីនេះ ក្នុងន័យរកយុត្តិធម៌សម្រាប់សង្គម។
កុមារីរងគ្រោះមាន ឈ្មោះ ត្រេក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ, បានមកស៊ីស្នួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះអត់សីលធម៌នេះ ក្នុងមួយខែថ្លៃឈ្នួល ១០០ដុល្លារ។ ពេលនេះ ពួកគេកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
ក្មេងស្រីរងគ្រោះទាំងពីរ បានរៀបរាប់ឱ្យដឹងថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែរបស់លោក ទេព ហ៊ុយ ងាប់។ ក្រោយពីសត្វឆ្កែនោះងាប់ លោក ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ វាយមកលើនាងចំនួន ០៣កំភ្លៀងទៀត។
ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូរខ្មោចឆ្កែចំនួន ១យប់ ទៀតផង។
អំពើហិង្សារបស់ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ទៅលើកុមាររីទាំងពីរនេះ កើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅឯផ្ទះរបស់លោកមេបញ្ជាការរូបនេះផ្ទាល់តែម្ដង ស្ថិតក្នុងក្រុងក្រចេះ នៃខេត្តក្រចេះ។
ប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងនៅថ្ងៃទី២៧ ខែតុលា ដដែល ហើយបានចុះទៅធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ត្រី ទេព ហ៊ុយ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និងក៏បានធ្វើការឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសនេះផងដែរ។
គួរបញ្ជាក់ថា លោក គី តិច ប្រធានក្រុមមេធាវីស័្មគ្រចិត្ត សម្តេចតេជោ សែន បានថ្លែងប្រាប់អ្នកសារព័ត៌មាននាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា ដោយមានសំណូមពរពីក្រុមគ្រួសារកុមារីរងគ្រោះ លោកមេឃុំ និងដោយករណីនេះត្រូវលក្ខខណ្ឌ និងចំគោលការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ផង (កុមារីជាអនីតិជន, គ្រួសារក្រីក្រ និងត្រូវអ្នកមានអំណាចរំលោភបំពាន) ហេតុនេះ ខ្ញុំបានសម្រេចយល់ព្រមឲ្យទទួលការពារក្តីតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលគឺ មិនលើកលែងឲ្យនរណាម្នាក់ជាដាច់ខាត។
នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ទង្វើបែបនេះ ជាពាល ជារឿងអសីលធម៌បំផុត និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








