ភ្នំពេញ ៖ ព្រឹទ្ធសភាបានកំណត់បើកសម័យប្រជុំពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន កំណត់ឲ្យប្រធានស្ថាប័នកំពូលចំនួន៤ មានសញ្ជាតិខ្មែរតែមួយ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



