ភ្នំពេញ ៖ ផ្ទះលក់និងស្តុកកុំព្យួទ័រមួយកន្លែង ត្រូវបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌទួលគោក ខណៈមានផ្សែងហុយចេញពីជាន់ខាងលើយ៉ាងខ្លាំង ពេលដែលម្ចាស់ផ្ទះមិននៅ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ១៤៦z ចំណុចផ្ទះលេខ២៥០ ភូមិទួលគោក សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះកន្លែងកើតហេតុខាងលើនេះ ជាកន្លែងស្តុកគ្រឿងជ័រ កុំព្យូទ័រសម្រាប់លក់ បោះដុំឱ្យម៉ូយ ហើយម្ចាស់ផ្ទះបានចាក់សោទុកចោល យូរៗទើបមកអើតមើលម្ដង លុះនៅថ្ងៃកើតហេតុ គេឃើញមានផ្សែងហុយចេញយ៉ាងខ្លាំង ពីជាន់ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលនៅក្បែរៗនោះ បាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភ័យ និងទុយោទឹកបាញ់ទប់ស្កាត់ តែដោយសារផ្សែងហុយខ្លាំងពេក មិនអាចចូលទៅពន្លត់បាន ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី ២ ឲ្យជួយ ខណៈពេលដែលសមត្ថកិច្ចទទួលព័ត៌មាន ករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបែបនេះ ក៏សុំអន្តរាគមន៍បន្តទៅកាន់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកជួយបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង១២និង២០ នាទីរសៀលថ្ងៃដដែល។
សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គីភ័យ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រព័ន្ធបារ៉ែតភ្លើងរបស់ម្ចាស់ផ្ទះ ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈរបស់ម្ចាស់ផ្ទះមួយ ចំនួនធំហើយម្ចាស់ផ្ទះបានត្រឹមតែឈរយំ ស្តាយទ្រព្យសម្បត្តិដែលរងការខូចខាតប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម















