ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះ កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាម នីតិវិធី ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដ៏ឃោរ.ឃៅ ទៅលើក្មេងស្រីចំនួន ពីរនាក់ ដែលជាកូនឈ្មួល ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យទាំង ២ នាក់ខាងលើ មានឈ្មោះ ទី ១ -ឈ្មោះ ទេព ហ៊ុយ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និង ទី ២-ឈ្មោះគឹម សុវណ្ណារិទ្ធិ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជាមេបញ្ជាការរងក្រុងក្រចេះ ។
ចំណែក ក្មេងស្រីរងគ្រោះទាំង ២នាក់មានឈ្មោះ ត្រែក ធារ៉ា ភេទ ស្រី អាយុ១២ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និង ម្នាក់ទៀត មាន ឈ្មោះ វ៉ន ពិសី ភេទ ស្រី អាយុ១២ឆ្នាំ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្មេងស្រីទាំង២នាក់ គឺជាបងប្អូនជីដូនមួយ និងបានមកធ្វើការស៊ីស្មួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល ១០០ដុល្លារ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២ កំពុងតែសាកសួរចម្លើយ នៅឯ សាលាដំបូងខេត្តក្រចេះនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




