ភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ៨ខែ តែទោសអនុវត្តន៍ នៅក្នុងពន្ធនាគារ កំណត់ត្រឹមតែ៤ ខែ និង ១៥ ថ្ងៃប៉ុណ្ណោះ។ ចំណែកឯ ទោសនៅសេសសល់ គឺ ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមជាតិនិង ការជេរប្រមាថអាជ្ញាធរធម៌ មានសមត្ថកិច្ច។
លោកអួង វុទ្ធា ជាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងក្នុងអង្គសវនាការប្រកាសសាលក្រមថា ជនជាប់ចោទរូបនេះ មាន កាក់ សុវណ្ណច្ឆ័យ ភេទ ប្រុស អាយុ១៧ ឆ្នាំ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានជាប់ចោទ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ប្រមាថអ្នករាជការសាធារណៈ» និង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ បានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម ដែលចេតនា ញុះញង់ឱ្យមហាជន ប្រឆាំងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ជេរប្រមាថ ដល់អាជ្ញាធរមានសមត្ថកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


