Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ ៖ ទៅថ្ងៃអនាគតកងទ័ពកម្ពុជា-ឥណ្ឌូនេស៊ី នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ទៅថ្ងៃអនាគតកងទ័ពកម្ពុជា-ឥណ្ឌូនេស៊ី នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ មានភាពល្អប្រសើរទ្វេឡើងថែមទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយលោកវរសេនីយ៍ឯក អ៊ីញ៉ូម៉ាន់ ស៊ូកាសាណា អនុព័ន្ធយោធាអមស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងជំនួបសំដែងការគួរសមនាឱកាសនោះ ក៏មានការអមដំណើរដោយលោកវរសេនីយ៏ឯក ម៉ូកអាម៉ាត់ រីហ្សាល់ អនុព័ន្ធយោធាថ្មី ចូលរួមផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រ និង វប្បធម៌។
ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលបានខិតខំស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ គ្រឿងបំពាក់ផ្សេងៗ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន លើផ្នែកជំនាញទ័ពពិសេស ប្រឆាំងភេរវកម្ម។
ចំណែកលោកវរសេនីយ៏ឯក អ៊ីញ៉ូម៉ាន់ ស៊ូកាសាណា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ឧិកាសឲ្យរូបលោកទាំងពីរបានចូលជួបសំដែងការគួរសម ដោយលោកវរសេនីយ៍ឯកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ រូបលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបាននូវភាពកក់ក្តៅ ទាំងក្នុងកិច្ចសហប្រតិបត្តិការក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

លោកវរសេនីយ៍ឯក អ៊ីញ៉ូម៉ាន់ ស៊ូកាសាណា បានបង្ហាញពីមោទនភាព ចំពោះការបំពេញភារកិច្ចជោគជ័យជាច្រើននៅកម្ពុជា ជាពិសេសជាមួយអង្គភាពជាដៃគូរ ដែលមានកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន។
លោកអនុព័ន្ធយោធាឥណ្ឌូនេស៊ីបានសម្ដែងនូវការជឿជាក់ថាក្រោយបញ្ចប់ការប្រឈមជំងឺកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×