Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វទន្សោង នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមាន ប្រមាណជាង ១.៥០០ក្បាល

ភ្នំពេញ ៖ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវ សត្វទន្សោងមួយក្បាលនេះ បានយំហូរទឹកភ្នែកគួរឱ្យអាណិតជាទីបំផុត ក្រោយជាប់អន្ទាក់របស់ព្រានជាច្រើនថ្ងៃ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ហើយជាអកុសល បានស្លា.ប់ទៅកាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយសារតែរបួសធ្ងន់ពេក ទោះបីជាអ្នកជំនាញខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ! ។

ទោះបីជាមានការគំ.រាម.កំ.ហែងពីការបរបាញ់និងអន្ទាក់ ក៏កម្ពុជានៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេ នៅលើពិភពលោកដដែល។

សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមាន ប្រមាណជាង ១.៥០០ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថា នៅសល់តែប្រមាណ ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។

ឯកឧត្តម នេត ភក្រ្តា បានមានប្រសាសន៍ថា សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែង មានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ ទន្សោងវ័យក្មេងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌ស នៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំ នៅផ្នែកពាក់កណ្តាល ចុះក្រោម ហើយចុងស្នែងពណ៌ខ្នៅ។

តាមពិតសត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ សត្វប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១-២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀត ក្រោយពេលកើតកូនបាន២ខែ។

ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំ.រាម.កំ.ហែង យ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និង ប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×