ភ្នំពេញ៖ ក្រសួងសុខាភិបាល ទទួលបាននូវទូទឹកកកពិសេសចំនួន៩គ្រឿង ដែលមានសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា ពីយន្ដការ Covax តាមរយៈអង្គការ UNICEF ដើម្បីសម្រាប់ទុកវ៉ាក់សាំងដែលត្រូវការសីតុណ្ហភាពទាបជាងពេលបច្ចុប្បន្ន ដែលកម្ពុជាកំពុងមាន។

ក្នុងពិធីប្រគល់ និងទទួលទូទឹកកកពិសេសនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ប្រព័ន្ធត្រជាក់នេះ នឹងចូលរួមចំណែកដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នៅពេលខាងមុខនេះ កម្ពុជាអាចនឹងមានវ៉ាក់សាំងផ្សេងៗទៀត ដែលតម្រូវឲ្យមានការថែរក្សាទុកដាក់ ចន្លោះពី -៨០ ទៅ -២០អង្សា។
ប្រធានគណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា កន្លងទៅតែងតែមានការចោទសួរថា ហេតុអ្វីដែលកម្ពុជាមិនគិតគូរទទួលយកនូវវ៉ាក់សាំង ដែលរក្សាទុកនៅសីតុណ្ហភាពទាបបំផុត។ កន្លងមកដោយសារតែកម្ពុជា មិនទាន់មានប្រព័ន្ធត្រជាក់ដូច្នេះហើយ បានកម្ពុជាប្រើប្រាស់នូវវ៉ាក់សាំងដែលនៅសីតុណ្ហភាព ត្រឹម២ ទៅ៨អង្សា។

លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈទូត្រជាក់នេះនឹងជួយពង្រឹងដល់ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ទូត្រជាក់ចំនួន៩គ្រឿង ដែលបានផ្ដល់ជូនក្រសួងសុខាភិបាលនៅពេលនេះ អាចមានសមត្ថភាពរក្សាទុកនូវវ៉ាក់សាំង បានចំនួន២.៤លានដូស។ ទូត្រជាក់នេះ អាចផ្ទុកនូវវ៉ាក់សាំងប្រភេទ Pfizer និង Moderna ជាដើម៕ រក្សាសិទ្ធិដោយ ៖ កូលាប

