ភ្នំពេញ ៖ យោងតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ អាយុ៥ ឆ្នាំ, ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សូមធ្វើការអំពាវនាវថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពី អាយុ៦ឆ្នាំឡើងទាំងអស់ សូមរួសរាន់ស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូនឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ដោយមិនចាំបាច់មានការបញ្ជាក់លិខិតស្នាមអ្វីផ្សេងៗទៀតឡើយ ទោះបីជាបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ណាក៏ដោយ។

សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដើម្បីឱ្យការងារចាក់វ៉ាក់សាំងកូវដ-១៩នេះ ប្រព្រឹត្តទៅកាន់តែរលូន សូមអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ទាំងអស់អនុវត្ត
តាមការណែនាំ ដូចតទៅ ៖
- បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ដែលនៅសេសសល់ជាបន្តទៀត នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់ ទោះបីជាយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើង ត្រូវបានបិទបញ្ចប់រួចហើយក៏ដោយ។
- ធ្វើការណែនាំបន្ថែមដល់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ ដែលនៅក្រោមដែនសមត្ថកិច្ចរបស់ រាជធានី-ខេត្ត ឱ្យផ្ដល់ការចាក់វ៉ាក់សាំងភូវីដ-១៩ ជូនដល់ក្រុមគោលដៅខាងលើឱ្យមានភាពរលូន ទោះបីពួកគាត់មិនរស់នៅក្នុងតំបន់គ្របដណ្តប់ របស់ទីតាំងផ្តល់សេវាណាក៏ដោយ និងមិនតម្រូវឱ្យមានការបញ្ជាក់លិខិតស្នាមអ្វីទាំងអស់ ក្រៅពីឯកសារមួយចំនួន ដែលត្រូវប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះ។
- បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីសារប្រយោជន៍នៃវ៉ាក់សាំងកូវីដ-១៩ និងលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្រចិត្ត មកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












