Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ទេសចរណ៍ ​ដាក់​ផែនការ​ការពារ​ពង្រឹង​សន្តិសុខ ​រក្សា​សណ្តាប់ធ្នាប់​ ជូន​ភ្ញៀវ​ទេសចរ ​ដើរ​លេង​កម្សាន្ត ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​បាន​សុខ​សុវត្ថិភាព​

​ភ្នំពេញ​ ៖​ ​បន្ទាប់ពីប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឱ្យ​បើក​ប្រទេស​ដំណើរការ​គ្រប់​វិស័យ​ពេញលេញ​ឡើង​វិញនោះ ​នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រជុំ​ដាក់​ផែនការ​ការពារ​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​សុខ​សុវត្ថិភាព​គ្រប់គ្រាន់​។

​ ​កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ លី​ ប៊ុ​ន​អេ​ង​ ស្នងការ​រង​ទទួល​ជំនួយ​ដឹកនាំ​ការិយាល័យ​នគរបាល​ទេសចរណ៍​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ លី​ ប៊ុ​ន​អេ​ង​ ស្នងការ​រង​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ អនុវត្ត​តាម​ទិស​ដៅ​ការងារ​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​នី​យ៍​ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ខណៈ​ប្រទេស​កម្ពុជា​បើក​ដំណើរការ​គ្រប់​វិស័យ​ឡើង​វិញ​ បាន​ជំរុញ​ឱ្យ​កម្លាំង​នៃ​ការិយាល័យ​នគរបាល​ទេសចរណ៍​ត្រូវ​ចាប់ផ្តើម​ចេញ​ការពារ​ និង​ពង្រឹង​សន្តិសុខ​ ថែរក្សា​សណ្តាប់ធ្នាប់​ឱ្យ​បាន​គត់មត់​ នៅ​គោលដៅ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ពេញ​និយម​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​សុខ​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ភ្ញៀវ​ទេសចរ​ ដូច​ជា​ ពង្រឹង​យកចិត្តទុកដាក់​តាម​គោលដៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​,​ ផែ​ទូក​ទេសចរណ៍​ និង​ផ្សា​រាត្រី​,​ គោលដៅ​ព្រះ​គម្លង់​,​ គោលដៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​,​ មជ្ឈមណ្ឌល​ជើងឯក​ ,​ គោលដៅ​មណ្ឌល​ព័ត៌មាន​ចុង​ក្រោយ​ និង​គោលដៅ​វិមាន​ឯករាជ្យ​ ដែល​គោលដៅ​ទេសចរណ៍​កម្សាន្ត​ទាំងនេះ​ជា​គោលដៅ​សំខាន់​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​លេង​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ ក៏​បាន​លើក​ឡើង​ណែនាំ​ដល់​លោក​-​លោកស្រី​នាយ​ នាយ​រង​ការិយាល័យ​ និង​មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ទេសចរណ៍​ត្រូវ​សហការ​ឱ្យ​បាន​ល្អ​ជាមួយនឹង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​តំបន់​កម្សាន្ត​ខាងលើ​ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ចេញ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​នៅ​ពេល​កើតឡើង​នូវ​បញ្ហា​ណាមួយ​ចំពោះ​ភ្ញៀវ​ទេសចរ​ ។​ ក្នុង​នោះ​ក៏​ត្រូវ​រង់ចាំ​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ភ្ញៀវ​ទេសចរ​ដែល​កើតឡើង​បាតុភាព​ផ្សេងៗ​ ដើម្បី​ចេញ​អន្តរាគមន៍​ ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ចំពោះ​ជន​ណា​ដែល​បង្ក​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​,​ ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ជុំវិញ​គោលដៅ​ឈរជើង​ឱ្យ​បាន​ល្អ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​,​ សហការ​ត្រួតពិនិត្យ​ចំពោះ​ម​គ្គុ​ទេសចរណ៍​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍​ ,​ជួយ​ផ្តល់​ព័ត៌មាន​ចង្អុល​បង្ហាញផ្លូវ​ចំពោះ​ភ្ញៀវ​ទេសចរ​ ជាដើម​នោះ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ លី​ ប៊ុ​ន​អេ​ង​ ស្នងការ​រង​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ក្រៅពី​កម្លាំង​ដាក់​ពង្រាយ​ការ​គោលដៅ​ឈរជើង​ ក៏​ត្រួ​វ​ប្រើប្រាស់​កម្លាំង​ចេញ​ល្បាត​ត្រួតពិនិត្យ​ទៅ​លើ​គោលដៅ​កម្សាន្ត​នោះ​ផង​ដែរ​ ជាមួយ​ការ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ និង​រថយន្ត​ក្នុង​ការ​ចេញ​ល្បាត​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​ប៉ះពាល់​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ ៕​ រក្សាសិទ្ធិដោយ ៖ កូលាប

×