ភ្នំពេញ ៖ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ អាយុ៥ឆ្នាំ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣៨លានដូស រួចហើយ ក្នុងការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងជាង ៤៧លានដូស ដោយក្នុងនោះកម្ពុជាទិញផ្ទាល់ ២៨លានដូស ខណៈបច្ចុប្បន្នសល់ក្នុងដៃជាង ៩លានដូស ដើម្បីបន្តការងារចាក់ដល់ពលរដ្ឋ និងកុមារ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វ៉ាក់សាំងដែលនៅសល់ជាង ៩លានដូស នាបច្ចុប្បន្ននេះ គឺមាននៅក្នុងឃ្លាំងតាមបណ្ដាខេត្ត, នៅទីក្រុងភ្នំពេញ និងនៅក្នុងឃ្លាំងឱសថកណ្ដាល, ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ១លានដូស បន្ថែមទៀត ដូច្នេះ កម្ពុជាយើងអាចមាន វ៉ាកសាំងនៅក្នុងដៃ រហូតដល់ចំនួនជាង ១០លានដូស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ក្មេងអាយុ ៥ឆ្នាំ គឺមានចំនួនតែ ៣០ម៉ឺននាក់ប៉ុណ្ណោះ ដែលគ្រោងចំណាយវ៉ាក់សាំងជាង ៧០ម៉ឺនដូស , ដូច្នេះ ចំនួនវ៉ាក់សាំងដែលសល់ក្នុងឃ្លាំងជាង ៩លានដូសនាពេលនេះ គឺគ្មានអ្វីដែលត្រូវខ្វះនោះទេ បើទោះជាយើងរៀបចំចាក់ជូនពលរដ្ឋ និងក្មេងចាប់ពីអាយុ ៦ឆ្នាំឡើងជាបន្តទៀតក៏ដោយ ដែលពួកគេសេសសល់មិនទាន់បានចាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













