Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់​ហូប​បួស​ជាង ៣០ ឆ្នាំ ព្រោះ​ចង់រក្សា​ទម្ងន់ ប៉ុន្តែ ពេលនេះ​ស្រាប់តែ​….

​ស្ត្រី​​អាយុ​៥០​ឆ្នាំ​ម្នាក់ រស់នៅ Wuhan ប្រទេស​ចិន បាន​កំពុង​ប្រឈម​នឹង​ជំងឺ​ខ្វិន បន្ទាប់ពី​បាន​អនុវត្ត​របប​ហូប​អាហារ​បួស​ដ៏​តឹងរ៉ឹង ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ មក ។

​យោងតាម Oriental Daily ស្ត្រី​ខាងលើនេះ​បាន​ធ្លាប់​ជួប​បញ្ហា​លើស​ទម្ងន់ នៅពេល​នាង​មាន​អាយុ ២០ ឆ្នាំ ។ នាង​ត្រូវបាន​គេ​រាយការណ៍​ថា មាន​ទម្ងន់​ប្រហែល ៥៥ គ​.​ក្រ នៅពេលនោះ ។ ដូច្នេះ នាង​បាន​សម្រេចចិត្ត​ហូប​បួស ដើម្បី​សម្រក​ទម្ងន់ ។​

​នាង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយចំនួន ពី​ការអនុវត្ត​របប​ហូប​តម​នេះ ហើយ​អាច​រក្សា​រូបរាង​នៅត្រឹម​ទម្ងន់ ៤៥ គ​.​ក្រ ។​

Tan បាន​និយាយថា​៖ «​បាន​ចៀស​ឆ្ងាយ​ពី​ការហូប​សាច់ និង​អាហារ​មាន​ជាតិ​ខ្លាញ់ ។ ដូច្នេះ ទម្ងន់​ខ្លួន​របស់ខ្ញុំ​ធ្លាក់​នៅត្រឹម ៤៥ គ​.​ក្រ ហើយ​ខ្ញុំ​បាននិងកំពុង​រក្សា​របៀប​រស់នៅ​បែបនេះ​អស់​រយៈពេល ៣០ ឆ្នាំ មកហើយ​» ។​

Tan បន្តថា​៖ «​ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ជើង​របស់ខ្ញុំ​មិន​ស្មើគ្នា ខណៈពេល​ដើរ​, វា​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​កំពុង​ដើរ​លើក​ប្បាស ។ លើសពីនេះ ជើង និង​ដៃ​ទាំងពីរ​របស់ខ្ញុំ ជារឿយៗ​មាន​អារម្មណ៍​ស្ពឹក​តែម្តង​» ។​

​ដោយ​បារម្ភ​អំពី​ស្ថានភាព​បែបនេះ Tan បាន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ ។ នាង​ពិតជា​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេលដែល​គ្រូពេទ្យ​បាន​រកឃើញថា ប្រព័ន្ធ​សរសៃប្រសាទ​ឆ្អឹងខ្នង​របស់​នាង​បាន​ខូចខាត​ក្នុង​កម្រិត​ផ្សេងៗ​គ្នា បង្ក​ជា​ស្ថានភាព​ដ៏​ចម្លែក​បែបនេះ​កើតឡើង ដែល​ត្រូវ​បានឃើញ​នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នក​ខ្វះ​អាហារូបត្ថម្ភ ។​

​ការពិនិត្យ​បន្ថែម​បាន​បង្ហាញថា នាង​កំពុង​រង​ទទួល​នូវ​កង្វះ​វីតាមីន B12 ដ៏​ធ្ងន់ធ្ងរ ដែលជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយ ដែល​ទទួលខុសត្រូវ​ក្នុងការ​ជួសជុល​សរសៃ​ប្រសាទ ។ ជាការ​ពិត កម្រិត​វីតាមីន B12 នៅក្នុង​ខ្លួន​របស់ Tan មាន​ត្រឹមតែ ១០ % នៃ​មនុស្ស​មធ្យម​ប៉ុណ្ណោះ ។​

​យោងតាម​អ្នកជំនាញ​ខាង​សរសៃប្រសាទ​នៅ​មន្ទីរពេទ្យ​, វីតាមីន B12 ជួយ​ការពារ និង​ផ្គត់ផ្គង់​ការរីកចម្រើន​សរសៃប្រសាទ នៅក្នុង​ខ្លួន​មនុស្ស ។ គ្រប់​អាហារ​ទាំងអស់​មាន​បរិ​មាណ​វីតាមីន B12 ផ្សេងៗ​គ្នា ហើយ​សាច់​ជាធម្មតា​មាន​ភាគរយៈ​វីតាមីន​នេះ​ខ្ពស់ជាង ។​

​ដូច្នេះ ការហូប​បន្លែ​បួស​ដូច Tan គឺមាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ។ ប្រសិន​សរសៃប្រសាទ​ខូចខាត​ធ្ងន់​ដោយសារតែ​កង្វះ​វីតាមីន B12 នោះ​អ្នកជំងឺ​ប្រហែល​មិនអាច​ដើរ​បាន ។ ដូចគ្នា​នោះដែរ ការ​រួញ​សាច់ដុំ​ក៏​អាច​កើតឡើង​នៅ​ក្នុងករណី​ជាក់ស្តែង​មួយចំនួន ។​

​តាម​ការស្រាវជ្រាវ​មួយ​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ក៏បាន​បង្ហាញថា ការហូប​បួស​ក៏ត្រូវ​បាន​ផ្សារ​ជាប់​នឹង​ការ​កង្វះ​វីតាមីន B12 និង​អាច​កើត​ជំងឺ​បេះដូង​ផងដែរ ។ ការហូប​បួស​ដែល​មិន​រាប់បញ្ចូល​ទឹកដោះគោ និង​ស៊ុត គឺ​ងាយ​នឹង​កើត​ជំងឺ​នេះ​ណាស់ ។​

​ទោះយ៉ាងណា នៅពេលនេះ គេ​ក៏​ពុំ​ដឹង​ច្បាស់​ថា តើ​វេជ្ជបណ្ឌិត​នឹងមាន​វិធី​ព្យាបាល​អ្វី ឬ ចេញ​វេជ្ជបញ្ជា​សម្រាប់ Tan ទេ ប៉ុន្តែ គេ​សង្ឃឹមថា ការខូចខាត​សរសៃប្រសាទ​របស់​នាង នឹង​អាច​ត្រឡប់មកវិញ ហើយ​ថា​នាង​អាចជា​សះស្បើយ​ទាំងស្រុង​ពី​ស្ថានភាព​នេះ ៕ ចន្ទី

×