ភ្នំពេញ៖ កសិផលសំខាន់ៗ ត្រូវបាននាំចេញនាំមុខដោយ ការនាំចេញអង្ករ និងស្រូវ ក្រៅពីស្រូវ-អង្ករ ក៏មានកសិផលសំខាន់ៗមួយចំនួនទៀត ដែលមានរួមមាន ដំឡូងមី, ពោត, សណ្តែកសៀង, គ្រាប់ស្វាយចន្ទី, ផ្លែស្វាយស្រស់ និងផ្លែចេកស្រស់ ជាដើម។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦,៣៦លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ទិន្នន័យ បានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ និងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ គឺមានចំនួន ៤ ០៧១លានដុល្លារ។
គួរបញ្ជាក់ផងដែរថា ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នេះ កម្ពុជានៅតែចាត់ទុកថា ការជំរុញផលិតកម្មកសិកម្មក្នុងស្រុកជាស្បៀងគោល ជាអទិភាពចម្បង ដែលត្រូវខិតខំប្រឹងប្រែងយកអស់ពីស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពដាំដុះ និងការចិញ្ចឹមសត្វ ព្រមទាំងជំរុញការនាំចេញ៕