Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ពលរដ្ឋ រៀបអាពាហ៍ពិពាហ៍ចុះ តែសូមកុំកក់កុញពេក ខណៈគ្រួសារសុខដុមរមនា មិនស្ថិតលើពិធីធំ ឬតូច នោះទេ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ពិធីអាពាហ៍ពិពាហ៍សម្រាប់ពលរដ្ឋនាពេលនេះ អាចរៀបចំបាន តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម។

ចាត់ទុកជាដំណឹងរីករាយមួយសម្រាប់គូស្នេហ៍ទាំងឡាយ ដែលបានពន្យារពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនថ្ងៃខែ ព្រោះតែជំងឺកូវីដ-១៩គំរាមកំហែងនោះ, សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឡើងវិញក្នុងការចូលរួមពិធីចំនួនមនុស្សឱ្យសមល្មម, ដោយសម្ដេចលើកឡើងថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ យើងក៏ចង់បានពិធីធំដែរ ប៉ុន្តែជំងឺកាចសាហាវកូវីដ-២៩គំរាមកំហែង ហើយបើយើងចង់បានធំដុំ អធិកអធ័មលុះត្រាតែយើងរង់ចាំរហូតដល់កូវីដ-១៩ រលាយសាបសូន្យ ឬថា យើងអាចគ្រប់គ្រងបានទាំងស្រុង។

ចំពោះស្ថានភាពហ្នឹង បើយើងពន្យារតទៅទៀត វាមិនកើត អ៊ីចឹងត្រូវតែរៀបការទៅ ខណ:កូវីដ-១៩ ក្នុងប្រទេសកម្ពុជាកំពុងត្រូវបានគ្រប់គ្រងបានល្អ និងកំពុងថមថយ, តែការយ៉ាងយ៉ាង អ្នករៀបចំអាពាហ៍ពិពាហ៍ ត្រូវធានាថា រៀបការរួចហើយ កុំឱ្យស្លាប់ដោយសារកូវីដ១-៩, រឿងវាស្ថិតនៅកន្លែងហ្នឹងទេ គិតគូរគ្នាឱ្យច្បាស់ទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីរឿងរៀបអាពាហ៍ពិពាហ៍នេះដែរថា កន្លងមក យើងគ្រាន់តែហាមឃាត់កុំឱ្យវាកកកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់ដាច់ណាត់នោះឡើយថា មិនឱ្យរៀបការឯណា។ អ្នកខ្លះភ័ន្តច្រឡំថា យើងមិនឱ្យរៀបការ តាមពិតយើងឱ្យរៀបការ តែសុំឱ្យពិធីនេះ កុំឱ្យវាកកកុញមនុស្សច្រើនពេក តែប៉ុណ្ណឹងតើ , ពោលគឺ កុំឲ្យវាកកគុន ដូចមុនពេលមាន កូវីដ-១៩។

ខណៈនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតផ្តល់ជាគតិអប់រំដល់គូស្នេហ៍ទាំងឡាយថា ការកសាងគ្រួសារមួយឱ្យសុខដុមរមនា មិនស្ថិតនៅលើការរៀបចំពិធីធំ ឬតូច នោះទេ សំខាន់ការផ្តល់តម្លៃ និងការស្រឡាញ់គ្នា។ សម្តេចលើកជាឧទាហរណ៍ថា សម្តេចរៀបការក្នុងរបប ប៉ុល ពត គ្មានពិធីប្រពៃណីអ្វីទាំងអស់ តែចំណងស្នេហ៍សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកសាងសុភមង្គលគ្រួសាររហូតដល់បច្ចុប្បន្ន មានកូន ៥នាក់ និងចៅៗរហូតដល់ទៅ ២២នាក់។

ងាកមកបច្ចុប្បន្នស្ថិតក្នុងវិបត្តិកូវីដ-១៩ វិញ សម្ដេចតេជោ បានជំរុញថា សូមគូស្នេហ៍ទាំងឡាយ នាំគ្នាចាក់វ៉ាក់សាំងឱ្យបានរួចរាល់ផង មុននឹងរៀបអាពាហ៍ពិពាហ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×