Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពសហគមន៍កសិកម្ម គ្រោងនឹងបង្កើតឡើង ដើម្បីជួយជំរុញដំណើរការកសិកម្មរបស់ប្រជាកសិករឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត

ក្រចេះ៖ សហគមន៍កសិកម្មចំនួន៦ និងវិស័យឯកជនចំនួន ២ បានរួមគ្នាគ្រោងបង្កើតសហភាពសហគមន៍កសិកម្ម ដើម្បីជួយជំរុញដំណើរការកសិកម្មរបស់ប្រជាកសិករ ភាគីពាក់ព័ន្ធនានា បានបង្ហាញពីការគាំទ្រ ការបង្កើតសហភាពសហគមន៍កសិកម្មនេះ ដើម្បីជួយជំរុញ​ដល់ដំណើរការកសិកម្មរបស់ប្រជាកសិករ ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។​

នៅថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ២០២១ តំណាងសហគមន៍កសិកម្មចំនួន៦ និងវិស័យឯកជនចំនួន ២ បានរៀបចំវគ្គផ្សព្វ​ផ្សាយស្តីអំពីទស្សនទាន និងបទដ្ឋានច្បាប់នៃការបង្កើតសហភាពសហគមន៍កសិកម្ម ដល់សហគមន៍កសិ​កម្មកម្ពុជា ក្រោមវត្តមានចូលរួមពីលោក អ៊ូក សារឿន អនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក ឱក ដារុណ អនុប្រធានមន្ទីកសិកម្ម រក្ខាប្រម៉ាញ និងនេសាទខេត្តក្រចេះ តំណាងសហគមន៍ ចំនួន ៦ លោកឧញ្ញា ហង់ សុគុន ប្រធានក្រុមប្រឹក្សារដ្ឋបាលសម្ព័ន្ធកសិកម្មកម្ពុជា លោក សើ ហាលីម ប្រធានក្រុមហ៊ុន និងជាប្រធានស្ថាបនិកសហភាព សហគ្រាស  សហគមន៍កសិកម្មកម្ពុជា។

លោក អ៊ូក សាវឿន អនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានលើកឡើងថា គោលបំណងនៃការរៀប​ចំវគ្គផ្សព្វផ្សាយស្ដីពីទស្សនទាន និងបទដ្ឋានច្បាប់នៃការបង្កើតសហភាពសហគមន៍កសិកម្មដល់សហគមន៍កសិ​ករនាពេលនេះ​ គឺដើម្បីឲ្យប្រជាកសិករ ដែលជាសមាជិករបស់សហគមន៍ និងវិស័យឯកជន បានយល់ដឹងអំពីអត្ថប្រយោជ​​ន៍នៃការបង្កើតសហភាពសហគមន៍កសិកម្ម និងដើម្បីឲ្យតំណាងសហគមន៍កសិកម្មបានពិភាក្សា​ជាមួយវិស័យឯកជន ស្វែងរកគោលដៅមួយសមស្រប ក្នុងកិច្ចសហការគ្នា ឈានឆ្ពោះទៅដល់ការបង្កើតសហគមន៍កសិកម្ម។

លោក អនុប្រធានមន្ទីអភិវឌ្ឍន៍កសិកម្ម ខេត្តក្រចេះ បានសំដែងការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើចក្ខុវិស័យ និងបេសកម្មរបស់វិស័យឯកជន ​ក្នុងការសន្យាជួយគាំទ្រ លើកស្ទយសហគមន៍ផលិតកម្ម និងស្វែងរកទីផ្សារបញ្ជាទិញកសិផលពីសហគមន៍កសិកម្ម។

លោក សើ ហាលីម ប្រធានក្រុមហ៊ុន និងជាស្ថាបនិកសហភាព សហគ្រាស ​សហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញជាយុទ្ធសាស្ត្រទៅលើវិស័យកសិកម្ម ដែលជាវិស័យស្នូលនៃខឿនទ្រទ្រង់សេដ្ឋកិច្ចជាតិ និងស្របពេលដែលក្រុមហ៊ុន មានដៃគូសហការនៅក្រៅប្រទេសរួចជាស្រេចចំនួន១១៨ប្រទេស ដែលស្មើនឹងជាង បីលានសហគមន៍ទើបក្រុមហ៊ុន មានបំណងចង់សហការជាមួយសហគមន៍កសិកម្មនៅក្នុងខេត្តក្រចេះ​ ដើម្បីជួយដល់សហគមន៍កសិកម្មធ្វើការរួមគ្នាក្នុងផលិតផលកសិផលក្នុងតំបន់ និងបង្កើនសង្វាក់ផលិតកម្មកសិផលតាមរយៈការនាំចូលនូវឧបករណ៍ទំនើបម្រើជូនការងារកសិកម្ម​​ និងបង្កើតរោងចក្រផលិតផលកសិផលពាក់កណ្តាលសម្រេចនៅក្នុងតំបន់ ដើម្បីជំរុញបង្កើនទីផ្សារនិងឱកាសការងារជូនដល់ប្រជាកសិករនៅក្នុងស្រុក។

លោកឧញ្ញា ហង់ សុគុន ប្រធានក្រុមប្រឹក្សារដ្ឋបាលសម្ព័ន្ធកសិកម្មកម្ពុជា បានណែនាំដល់កសិករ ក្រោយពេលប្រមូលផ្ដុំគ្នា បង្កើតជាសហភាពសហគមន៍កសិកម្មហើយ ត្រូវតែរួបរួមសាមគ្គីជាមួយនឹងភាពស្មោះត្រង់ដើម្បីសហគមន៍កសិកម្មរបស់ខ្លួន មានភាពល្អប្រសើរ។

លោកឧញ្ញាហង់ សុគុន បានមានប្រសាសន៍ថា “ភាពស្មោះត្រង់របស់កសិកររួមគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងចលករ គឺជារឿងមួយចាំបាច់បំផុត ដើម្បីឲ្យដំណើរការកិច្ចសន្យាព្រឹត្តិការណ៍នេះ អាចមាននិរន្ដរភាពដែលបានអ្វីបន្ថែមទៀតនោះយើងត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធជុំវិញតាំងពីបច្ចេកទេស និងដៃគូសហការជាមួយក្រុមហ៊ុន ដែលត្រូវប្រមូលទិញ។ កសិករ ផលិតករ និងក្រុមហ៊ុន ជាដៃគូក្នុងការប្រមូលទិញ មិនអាចខ្វះគ្នាបាន។

លោក អ៊ុន ស៊ីមន តំណាងសហគមន៍កសិកម្ម ខេត្តក្រចេះ បានឲ្យដឹងថា មុនពេលបង្កើតជាសហគមន៍កសិកម្ម កសិករមានភាពលំបាកខ្លាំង ក្នុងការស្វែងរកបច្ចេកទេស ខ្វះគុណភាពអប់រំ និងការស្វែងរកទីផ្សារលក់រាយជាដើម ប៉ុន្តែក្រោយបង្កើតបានសហគមន៍កសិកម្ម ស្ថានភាពកសិករ មានភាពល្អប្រសើរមួយកម្រិត ហើយឆ្ពោះឈានទៅរកការវិវឌ្ឍបន្តទៀត។ លោកសង្ឃឹមថា សហគមន៍កសិកម្មខេត្តក្រចេះ និងរួមគ្នាសហការជាមួយវិស័យឯកជន ដើម្បីឈានទៅដល់ការបង្កើតសហភាពសហគមន៍កសិកម្ម ដែលគ្រោងនឹងបង្កើតនាពេលខាងមុខនេះ និងជួយជំរុញដំណើរការកសិកម្មរបស់ប្រជាកសិករឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ហើយចំណេញទៅលើសេដ្ឋកិច្ចថា តើផលិតផលកសិកម្មណាមួយ​ អាចធ្វើឲ្យសហគមន៍ចំណេញទៅដល់សមាជិកក្នុងសហគមន៍៕

×