ភ្នំពេញ ៖ ដំណើរការនៃការស្នើសុំបង្កើតគណបក្សថ្មី របស់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបោះជំហានទៅមុខ ដោយក្រសួងមហាផ្ទៃស្នើសុំដោយលោកឃឹម ឡាក់គី តំណាងស្ថាបនិកគណបក្ស អនាគតជាតិ ត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្សរួចផ្ញើមកជូនក្រសួងមហាផ្ទៃវិញ។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានធ្វើលិខិតជម្រាបទៅលោកឃឹម ឡាក់គី ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត “គណបក្សអនាគតជាតិ” ដូចបាន ចុះក្នុងយោងខាងលើ។ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យ តំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុង បញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។ អាស្រ័យហេតុនេះ សូមលោកតំណាងស្ថាបនិកគណបក្ស ជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើតាមការគួរ។
សូមជម្រាបថា លោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោកឃីម ឡាគី និងលោកម៉ៅ សុផល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
