Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកការ៉ាអូខេ និងក្លឹបកម្សាន្ត

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេនិងក្លឹបកម្សាន្ត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

ការដាក់នូវបទបញ្ជាបាននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបើកប្រទេស ឲ្យដំណើរការឡើងវិញ លើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការតែភោជនីយដ្ឋាននិងបៀរហ្គាឌិនប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ នឹងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបាននូវការចាក់វ៉ាក់សាំង បានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើនចាស់ជរា និងស្ត្រី ពពោះឆ្លងទន្លេជាដើម។ ជុំវិញបញ្ហានេះ ឯកឧត្តមឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនេះឲ្យបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។

ឯកឧត្តមឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាយដើរជំងឺកូវីដ-១៩ នារយៈពេលកន្លងមកនេះ ។ ដូច្នេះឯកឧត្តមជំរុញឲ្យអាជ្ញាធរកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ។

ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ
ខណ្ឌកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមឲ្យបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ ឲ្យបានល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×