Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ

spot_img

ភ្នំពេញ ៖ ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន(ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ានទាំងអស់ និងដៃគូសន្ទនាផងដែរ។

សូមជម្រាបជូនថា៖ ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីពិនិត្យ និងពិភាក្សាលើសកម្មភាព គម្រោង និងកម្មវិធីនានារបស់អាស៊ានដែលបានដាក់ចេញនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់។

អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ផែនការជាយុទ្ធសាស្ត្រដឹកជញ្ជូនទីក្រុងកូឡាឡាំពួរ ២០១៦-២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងកិច្ចព្រមព្រៀងអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការជួយសង្គ្រោះ និងរុករកនៅតាមសមុទ្រ កិច្ចសម្របសម្រួលលើការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការដឹកជញ្ជូនជាមួយដៃគូសន្ទនា អាស៊ានដែលរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។

អង្គប្រជុំក៏បានពិភាក្សាផងដែរលើការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និង កិច្ចប្រជុំពាក់ព័ន្ធដែលរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-អាមេរិក កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន+ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ស្ថានភាពនៃការឱ្យសច្ចាប័នលើ កិច្ចព្រមព្រៀង/ពិធីសារដឹកជញ្ជូនអាស៊ាន កាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំ STOM លើកក្រោយ និងការពិនិត្យនិងអនុម័តលើរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២។

ថ្លែងក្នុងសន្ទរកថាបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលបានផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលឱ្យកិច្ចប្រជុំថ្ងៃនេះអាចប្រព្រឹត្ត ទៅបានដោយរលូនតាមការគ្រោងទុក។

ជាមួយគ្នានោះផងដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងកត់សម្គាល់អំពីវឌ្ឍនភាពសម្រេចបានរបស់ក្រុមការងារ និងស្ថាប័នដែលបំពេញការងារពាក់ព័ន្ធ នឹងការដឹកជញ្ជូនទាំងអស់ក្នុងរយៈពេល៥ខែចុងក្រោយនេះ និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ក្រុមការងារពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រេចបានលទ្ធផលសំខាន់ៗ សម្រាប់ការដឹកជញ្ជូនឆ្នាំ២០២១ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានកន្លងទៅ ក្នុងកាលៈទេសដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺរាតត្បាត កូវីដ-១៩។

ថ្លែងក្នុងសន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងពីរចំណុចដូចតទៅ៖ (១) យើង មានសេចក្តីសោមនស្សរីករាយដែលបានកត់សម្គាល់ឃើញលទ្ធផលវិជ្ជមានទាំងអស់ចេញពីកិច្ចប្រជុំ ថ្ងៃនេះ ដែលជាការបញ្ជាក់ថា៖ យើងពិតជាអាចសម្រេចកិច្ចការយើងបាន ទោះបីជាប្រឈមនឹងជំងឺ រាតត្បាតកូវីដ-១៩ក៏ដោយ និង(២)ផ្អែកលើលទ្ធផលជាវិជ្ជមានទាំងនេះ យើងប្រាកដជាអាចធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគតជាមួយគ្នា៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×