សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី កាលពីថ្ងៃទី២ខែវិច្ឆិកា បានថ្លែងថា ដោយមានសំណួរច្រើន ពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុស នៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នា យ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ។

អភិបាលស្រុកបន្ទាយស្រី បានថ្លែងបញ្ជាក់ថា អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករ ដើរប្រវាស់ដីស្រែគេធ្វើ នៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួន សម្រាប់ធ្វើនោះទេ។
លោកបន្តថា កន្លងមក ពួកគាត់តែងតែយកកូន ទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាង នៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

បើតាមលោក ឃឹម ហ្វីណង់ ៖ ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើង ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់ មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មី ជូនដល់សាលាបឋមសិក្សាជ័យផងដែរ។
“ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហា មិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជន ចង់ទំនាក់ទំនងជួយឧបត្ថម្ភ តាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន”៕ រក្សាសិទ្ធិដោយ ៖ កូលាប










