Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងជាយល់យ៉ាងម៉េច បុគ្គលមួយរូបសាងសង់សំណង់រឹងមាំ លើដីចំណីព្រែកកំពង់បាយ ពេលអាជ្ញាធរចុះហាមឃាត់ ស្រាប់តែជេរបញ្ចោរ

កំពត ៖ ម្ចាស់ក្យូសមួយរូប ឈ្មោះ សេស យ៉ុង បានព្យាយាមសង់រោង ឬក្យូស នៅលើដីចំណីព្រែកកំពង់បាយ និងសង់ចូលទៅមាត់ព្រែកតែម្ដង ស្ថិតក្នុង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត, លុះពេលរដ្ឋបាលខេត្តកំពត ចេញសេចក្ដីជូនដំណឹងឱ្យរុះរើ និងចាត់មន្ត្រីសង្កាត់កំពង់បាយ សហការជាមួយមន្ត្រីអាជ្ញាធរក្រុងកំពត ឱ្យចុះទៅពិនិត្យផ្ទាល់និងមានវិធានការឲ្យរុះរើ ស្រាប់តែម្ចាស់ក្យូសដែលមានឈ្មោះខាងលើ កើតទុក្ខមិនសុខចិត្ត ជេរបញ្ចោរលោកអភិបាលក្រុង កប់ៗមាត់ ធ្វើឲ្យមហាជនរិះគន់ថា ខ្លួនបានប្រព្រឹត្តខុសហើយ ហេតុដូចម្ដេច បានជាជេរបញ្ចោរគេថែមទៀត?

តាមប្រភពព័ត៌មានពីក្រុមមន្ត្រី ឲ្យដឹងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ដំបូងឡើយ លោក សេស យ៉ុង ក៏ដូចជាពលរដ្ឋផ្សេងៗទៀត គឺសាងសង់រោង ឬក្យូស របស់គាត់ហ្នឹង អំពីឈើប្រក់ស្បូវ ឬអាចថា ជាសំណង់ទន់ជ្រាយ សំណង់ស្រាលតែប៉ុណ្ណោះ អាជ្ញាធរក៏មានការយោគយល់ គឺបានបិទភ្នែកម្ខាង បើកភ្នែកម្ខាង ដោយមិនរករឿងឱ្យរុះរើនោះទេ ព្រោះគិតថា ប្រសិនណាអាជ្ញាធរខេត្តត្រូវការអភិវឌ្ឍមាត់ព្រែក ឬឆ្នេរព្រែកនៅកន្លែងនោះ វាងាយស្រួលនឹងរុះរើ ព្រោះថា ជាសំណង់ទន់ជ្រាយ ឬសំណង់ស្រាល, ប៉ុន្តែដល់ពេលយូរៗទៅ ស្រាប់តែ លោក សេស យ៉ុង ចាប់ផ្ដើមកែប្រែទៅជាសាងសង់សំណង់រឹងមាំប្រើសសរថ្ម គ្រោងឆ្អឹងដែក ដោយមានបំណងរំលោភយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះអាជ្ញាធរក្រុងកំពត មិនអនុញ្ញាតឡើយ។

ក្រុមមន្ត្រីបានឲ្យដឹងទៀតថា តាមនីតិវិធីការងារ រដ្ឋបាលក្រុងកំពត បានចេញសេចក្ដីជូនដំណឹង ចុះថ្ងៃទី០៨ ខែតុលាឆ្នាំ២០២១ និងចាត់ឱ្យក្រុមតន្ត្រី ចុះណែនាំឱ្យលោក សេស យ៉ុង រុះរើរោង -ក្យូស ចេញវិញដោយខ្លួនឯង។ ក្នុងខ្លឹមសារសេចក្ដីជូនដំណឹង របស់ រដ្ឋបាលក្រុងកំពត បង្ហាញថា សូមជម្រាបមកលោក សេស យ៉ុង ជ្រាបថា ការធ្វើរបងនិងក្យូស របស់លោក គឺធ្វើរំលោភចូលដីចំណីព្រែក ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាន តាមដងព្រែក ។

ដូច្នេះ សូមលោកធ្វើការរុះរើរបង និងក្យូស ដែលរំលោភចូលចំណីព្រែកនេះចេញ ដោយរក្សាស្ថានភាពដើម ព្រោះទីតាំងនេះ ជាដីសាធារណៈរបស់រដ្ឋក្នុងរយៈពេល ៧ថ្ងៃ ចាប់ពី ថ្ងៃទី០៨ ខែតុលា ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ ករណីលោក មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពត នឹងចាត់វិធានការទៅតាមច្បាប់។

ខណៈ រដ្ឋបាលក្រុងកំពត មានវិធានការឱ្យរុះរើ របង និង ក្យូស របស់ លោក សេស យ៉ុង ដែលសាងសង់លើដីចំណីព្រែក ជាពិសេសសាងសង់ចូលទៅមាត់ព្រែកកំពុងបាយតែម្ដងនោះ ស្រាប់តែម្ចាស់ក្យូស លោក សេស យ៉ុង ផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លា ដោយប្រើពាក្យអសុរោះ គឺជេរបញ្ចោរទៅលើអភិបាលក្រុងកំពតកប់ៗមាត់។

បើតាមសារសំឡេង របស់ លោក សេស យ៉ុង បានឲ្យដឹងថា មានផ្ទះថ្មជាច្រើនដែលគេធ្វើចូលទៅក្នុងទឹក មិនព្រមទៅស្ដីបន្ទោស ឬបង្ក្រាបគេ បែរជាមកឱ្យខ្ញុំរុះរើ របង និងក្យូស តែឯង , បន្ថែមពីនេះគឺពាក្យជេរប្រមាថដោយអសុរោះ។

ចំណែកក្រុមមន្ត្រីរដ្ឋបាលក្រុងកំពត វិញបានបញ្ជាក់ថា ប្រសិនបើរកឃើញមានថាពលរដ្ឋណាម្នាក់ សង់រោង ក្យូស ធ្វើអំពីថ្ម ឬផ្ទះថ្ម ដែលជាសំណង់រឹងមាំចូលទៅក្នុងទឹក ឬដីចំណីព្រែក ឬមាត់ព្រែកនោះ សូមរាយការណ៍ជូនអាជ្ញាធរ, អាជ្ញាធរនឹងចាត់មន្ត្រីចុះមានវិធានការរុះរើជាបន្ទាន់។

ទាក់ទងទៅនឹងសំណង់ លើដីចំណី អូរ ព្រែក ស្ទឹង បឹងបួ ទន្លេ និងសមុទ្រ ត្រូវបាន ÷

  • ព្រះរាជក្រម លេខ នស/១១១ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកាសឲ្យប្រើច្បាប់ ស្ដីពី សំណង់ ,
  • អនុក្រឹត្យលេខ១៩៧ អនក្រ .បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវ តាមបណ្ដាផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា ,
  • ប្រកាសលេខ ៣២ ប្រក/សណ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ របស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ស្តីពី ការគ្រប់គ្រងការដ្ឋានសំណង់ ,
  • យោងលិខិតលេខ ៩៤៨ សជណ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពី គោលការណ៍សម្រេច លើវិធានការចាំបាច់សំដៅទប់ស្កាត់ការដ្ឋានសំណង់ ដើម្បីធានាអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាពនិងគុណភាពសំណង់ទូទាំងប្រទេស ,
  • យោងតាមប្រកាសអន្តរក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ÷ ការសាងសង់សំណង់ផ្សេងៗ លើដីចំណី អូរ ព្រែក ស្ទឹង បឹងបួ ទន្លេ និងសមុទ្រ ត្រូវបានហាមឃាត់ លើកលែងតែករណីមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

ដូច្នេះ តើការសាងសង់ របង រោងក្យូស សសរថ្ម គ្រោងឆ្អឹងដែក របស់ លោក សេស យ៉ុង បំពានលើច្បាប់ហាមឃាត់ និងការចុះអនុវត្ត ហាមប្រាម របស់រដ្ឋបាលក្រុងកំពត តើភាគីខាងណាត្រឹមត្រូវជាងខាងណា? មជ្ឈមណ្ឌលព័ត៌មាន CEN សូមមិនអះអាងថា ភាគីណាជាអ្នកខុស និងភាគីណាជាអ្នកត្រូវនោះទេ ដោយទុកឱ្យមតិប្រជាពលរដ្ឋជាអ្នកពិចារណា និងអាជ្ញាធរមានសមត្ថកិច្ចផ្លូវច្បាប់ ជាអ្នកសម្រេច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×