Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាខារ៉ាអូខេ និងក្លិបកម្សាន្តផ្សេងៗ មិនទាន់អនុញ្ញាតឱ្យបើកដំណើរការទេ ទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ ៖ ឆ្លើយតបនឹងសំណួរ ក៏ដូចជាចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ដែលលើកឡើងថាតើខារ៉ាអូខេ ក្លឹបកម្សាន្តផ្សេងៗ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយឬនៅ ? ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះក្លិបកម្សាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺ ឲ្យបើកដំណើរការតែ ភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ។

ការឲ្យដឹងបែបនេះរបស់ ឯកឧត្តមឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១, ដោយ អភិបាលរាជធានីភ្នំពេញ រូបនេះ បានដាក់បញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ ហាមប្រាមការបើកអាជីវកម្ម ការ៉ាអូខេ និងក្លិបកម្សាន្ត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានព្យល់ថា រាជរដ្ឋាភិបាល បានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ក៏ពិតមែនហើយ ប៉ុន្តែចំពោះក្លិបកម្សាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺ ឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ។ ដូច្នេះ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លិបកម្សាន្ត និងខារ៉ាអូខេ ដោយសារ មុខរបរ អាជីវកម្ម ទាំងនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរ និងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវ.ស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារយៈពេលកន្លងមកនេះ ដូច្នេះក្នុងនាមលោក ជាអភិបាលរាជធានីភ្នំពេញ មិនចង់ឃើញការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ រាយប៉ាយឡើងវិញនោះទេ។ ដូច្នេះ លោកសូមឱ្យមន្ត្រីអាជ្ញាធរ កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ កុំឱ្យវាផ្ទុះកក្រើកឡើងវិញ៕រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×