Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី សន្យាជំរុញឲ្យពលរដ្ឋរបស់ខ្លួន ព្រមទាំងក្រុមហ៊ុនទេសចរណ៍ចូលមកទស្សនាកម្ពុជា មិនឯកភាពគ្នាលើចំណុចសំខាន់ចំនួន ១០

ភ្នំពេញ ៖ រុស្សី គាំទ្រការបើកដំណើរការទេសចរវ៉ាក់សាំងរបស់កម្ពុជា ហើយសន្យាថា នឹងជំរុញឲ្យពលរដ្ឋ ព្រមទាំងក្រុមហ៊ុនទេសចរណ៍នានារបស់រុស្ស៊ី ចុះមកសិក្សាស្វែងយល់ អំពី ការអនុវត្តន៍សុវត្ថិភាពកូវីដ-១៩ និងគោលដៅទេសចរណ៍របស់កម្ពុជា ខណ: រយ:កាលកន្លងមក ពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់។

នេះជាលទ្ធផលដែលបង្ហាញក្នុងជំនួបរវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មួយនឹង លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១, ដោយ លោក ថោង ខុន បញ្ជាក់ថា ការពិភាក្សាផ្ដោតលើការរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ ក្រុងកោះរុងនៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង ព្រមទាំងសៀមរាបអង្គរ ជាដំណាក់កាលៗ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ-១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា កើនឡើងគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំ។

ចំណែក លោក អាណាតូលី បូរ៉ូវិក វិញ បានថ្លែងថា រូបលោក តំណាងឲ្យពលរដ្ឋ និងប្រទេសរុស្ស៊ី ពេញចិត្តលើកិច្ចសហប្រតិបត្តិការនៃវិស័យជាច្រើន រវាងកម្ពុជា-រុស្ស៊ី នាពេលកន្លងមក ក្នុងនោះក៏ត្រូវបានផ្ដោតខ្លាំងលើវិស័យទេសចរណ៍ផងដែរ។

ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរកម្ពុជា-រុស្ស៊ី បានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចររុស្ស៊ីក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា ដូចជា ៖

១- រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចរណ៍រុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។

២- អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ច ជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។

៣- រៀបចំឲ្យមានសិក្ខាសាលាធុរៈកិច្ចទេសចរណ៍ រវាងប្រទេសទាំងពីរ។

៤- រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។

៥- ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។

៦- ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ី លើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។

៧- ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។

៨- គាំទ្រការររៀបចំកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។

៩- គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីនៅតំបន់ឆ្នេរ។

១០- រុស្ស៊ី គាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ និងបានសម្របសម្រួលជំរុញឲ្យមានកិច្ចប្រជុំទេសចរណ៍អាស៊ាន-រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×