Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដឹងទាមទារប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល មកកម្ពុជាវិញ មិនទាន់មានការឆ្លើយតបយ៉ាងណាពីតុលាការនៃប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងបណ្ដឹងទាមទារប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល មកកាន់កម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់នាវា MT Strovolos និងនាវិក ជាច្រើននាក់ ដែលលួចដឹកប្រេងឆៅចេញពីដែនសមុទ្រកម្ពុជា ចូលទៅសំចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត កាលពីអំឡុងចុង ខែកក្កដា ឆ្នាំ២០២១នោះ មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណា ពីភាគីឥណ្ឌូនេស៊ីនោះទេ។

គួររំលឹកថា មុនពេលប្រកាសក្ស័យធុន ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែលទទួលសិទ្ធិសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីរបស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥.០០០បារ៉ែល រហូតត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ក្នុងដែនសមុទ្ររបស់ខ្លួន។

ទាក់ទិននឹងករណីនេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឲ្យអ្នកសារព័ត៌មានដឹង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា យើងអត់ទាន់ទទួលបានព័ត៌មានពីខាងឥណ្ឌូនេស៊ីនៅឡើយទេ ខណៈនៅពាក់កណ្ដាលខែមុន យើងបានផ្ដល់ឯកសារផ្លូវច្បាប់បន្ថែម ទាក់ទងនឹងការស្នើសុំរបស់កម្ពុជាទៅឥណ្ឌូនេស៊ី រឿងបញ្ជូនប្រេងជិត៣០ម៉ឺនបារ៉ែល មកកម្ពុជាវិញ។

លោក ជៀប សួរ បានបញ្ជាក់ថា នីតិវិធីខាងភាគីឥណ្ឌូនេស៊ី នៅមិនទាន់បញ្ចប់ការងារនេះនៅឡើយទេ ដូច្នេះខាងកម្ពុជា ក៏អត់ទាន់ទទួលបានព័ត៌មាន អ្វីនៅឡើយដែរ ដូច្នេះ យើងត្រូវរង់ចាំតទៅទៀត ព្រោះជានីតិវិធីតុលាការនៃប្រទេសឥណ្ឌូនេស៊ី, យើងមិនដឹងនៅពេលណា ទើបខាងតុលាការនៃប្រទេសឥណ្ឌូនេស៊ី គេសម្រេចបែបណានោះទេ យើងនៅរង់ចាំសិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×