ភ្នំពេញ ៖ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា អតិថិជនមួយចំនួន ដែលមានលទ្ធភាពសងត្រឡប់ ប៉ុន្ដែមិនមានទ្រព្យបញ្ចាំ អាចប្រើប្រាស់សេវាសាជីវកម្មឥណទានកម្ពុជា ដើម្បីទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ខណ: ត្រូវសិក្សាអំពីចំណុចសំខាន់ៗចំនួន ៥ មុននឹងផ្ដល់ឥណទាដល់អតិថិជនទាំងនោះ។

ក្នុងការផ្ដល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានក្នុងស្រុកមួយនាពេលថ្មីៗនេះ លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) និងអតីតជាប្រធាន នាយក ប្រតិបត្តិ នៃ ធនាគារស្ថាបនា បានថ្លែងឲ្យដឹងថា ចំណុចទាំង៥ខាងលើនេះ ជាចំណុចសំខាន់ ដែលធនាគារស្ទើរទាំងអស់ បានអនុវត្តន៍មុនពេលផ្ដល់កម្ចី ទៅកាន់អតិថិជន។
ការវាយតម្លៃឥណទាន លើចំណុចសំខាន់ៗទាំង ៥ រួមមាន ៖
១- អត្តចរិតរបស់អតិថិជន (អ្នកខ្ចី) ៖ សំដៅលើប្រវត្តិនៃការផ្ដល់ឥណទានរបស់អតិថិជន ផ្ដោតសំខាន់ថា តើអតិថិជនធ្លាប់ខ្ចីពីមុនមក ឬទេ? តើការសងត្រឡប់របស់អតិថិជននោះ ដូចម្ដេចដែរ?
២- លទ្ធភាពនៃការសងត្រឡប់របស់អតិថិជន ៖ សំដៅថា តើអតិជនមានបំណុលប៉ុន្មាន ធៀបនឹងប្រាក់ចំណូលរបស់គាត់ សមស្របគ្នាឬទេ? ទាំងនេះ ដើម្បីបញ្ចៀសបំណុលវណ្ឌករបស់អតិថិជន។
៣- ទុនដែលអតិថិជនមានសម្រាប់អាជីវកម្ម ៖ មានន័យថា ធម្មតាធនាគារមិនផ្ដល់កម្ចី ១០០ភាគរយដល់អតិថិជន ដើម្បីចាប់ផ្ដើម ឬពង្រីកអាជីវកម្មទេ តាមគោលការណ៍ធនាគារនីមួយៗ តម្រូវឲ្យអតិថិជនមានទុន១០ភាគរយ, ២០ភាគរយ ឬ៣០ភាគរយជាមុនសិន។

៤- លក្ខខណ្ឌឥណទាន ៖ សំដៅថា តើឥណទានទាំងនេះ ត្រូវគិតរយៈពេលប៉ុន្មាន ដើម្បីឲ្យសមស្រប។
៥- វត្ថុបញ្ចាំ ៖ ជាធម្មតាធនាគារ តែងតែត្រូវការទ្រព្យបញ្ចាំ ពីអតិថិជន។
លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) រូបនេះ បញ្ជាក់ថា ជាធម្មតាធនាគារតែងតែត្រូវការទ្រព្យបញ្ចាំពីអតិថិន ប៉ុន្ដែមានអតិថិជនមួយចំនួន មានលទ្ធភាពសងត្រឡប់ ប៉ុន្ដែមិនមានទ្រព្យបញ្ចាំ ដើម្បីដាក់ខ្ចីប្រាក់ពីធនាគារនោះឡើយ។
ទាក់ទងនឹងករណីនេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហានៃទ្រព្យបញ្ចាំ ដូច្នេះ បងប្អូនដែលប្រកបអាជីវកម្ម ប៉ុន្ដែមិនមានទ្រព្យបញ្ចាំ ក្នុងការខ្ចីឥណទាន អាចប្រើប្រាស់សេវាសាជីវកម្មធានាឥណទានកម្ពុជាបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











