ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ឆាប់ៗ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនខេមបូឌាអ៊ែផត (Cambodia Airport)។
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនដ៏ដែលនេះ បានឱ្យដឹងទៀតថា បានបើកការកក់សំបុត្រយន្តហោះឡើងវិញហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដំណើរដែលនិងចេញចូលតាមជើងហោះហើរនេះ ត្រូវអនុវត្តតាមវិធានការរបស់ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានលេខ ១៤០ សខល ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ និងលេខ ១៧៥ សខល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នឹងចូលរួមចំណែកការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ៕