ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា និងទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការត្រួតពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ជាកិច្ចចាប់ផ្តើមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីការងារដែលបានអនុវត្តក្នុងខែតុលា ជូនដល់អង្គប្រជុំ ជាមួយនោះដែរក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង លោកអធិការ ទាក់ទងទៅនឹងការងារដែលអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំផែនការដើម្បីអនុវត្តបន្ត ។
ជាកិច្ចបញ្ចប់ ឯកឧត្តមស្នងការ បានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អរបស់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ជាមួយនោះដែរឯកឧត្តមស្នងការ បានផ្តល់មតិណែនាំល្អៗជាច្រើនដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ លើការរៀបចំកម្លាំងល្បាតជាប្រចាំដើម្បីទប់ស្កាត់រាល់បទល្មើស។
ម្យ៉ាងវិញទៀត ឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំបន្ថែម ក្នុងការបំពេញភារិកិច្ច ឱ្យបានកាន់តែល្អប្រសើរថែមទៀត ឯកឧត្តមស្នងការក៏បានផ្តោតសំខាន់លើការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ការចុះរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីសោភ័ណ្ឌភាពទីក្រុង និងកាត់បន្ថយការកកស្ទះ ម្យ៉ាងវិញទៀតផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវតែធ្វើការតាមដាន ត្រួតពិនិត្យឱ្យបានច្បាស់លាស់ចំពោះមុខទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ជាពិសេសគ្រឿងសម្អាងដែលលាយលក់ ដោយខុសច្បាប់ គ្មានច្បាប់អនុញ្ញាត ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕រក្សាសិទ្ធិដោយ ៖ កូលាប













