ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃបានយល់ស្របឲ្យកម្ពុជានាំយកវ៉ាក់សាំងចូលទៅប្រទេសថៃ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាចូលរួមសង្កេតការ។ ពីព្រោះថាកម្ពុជាមានវ៉ាក់សាំងដ៏ល្អជាច្រើនហើយ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សា ដោយយកចិត្តទុកដាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅក្នុងជនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្ត្រី វិស្នុ គ្រឿងង៉ាម ក៏បានធ្វើការពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាចាស់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ បានជ្រាបហើយថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសថៃ ប៉ុន្តែក្នុងការអនុវត្តនោះមិនអាចធ្វើទៅរួច ដោយសារជួបការលំបាកលើច្បាប់របស់ប្រទេសថៃ។ ហេតុនេះទើបលោកបណ្ឌិតបានជំរាប ឯកឧត្តមបណ្ឌិតសុខ សុក្រឹត្យា ថា រាជរដ្ឋាភិបាលថៃយល់ស្រប ”អោយកម្ពុជានាំយកវ៉ាក់សាំងចូលមកខាងថៃ ចំណែកការចាក់វ៉ាក់សាំងជាតួនាទីរបស់ភាគីថៃ ដោយមានខាងកម្ពុជាចូលរួមសង្កេតការ”។
យ៉ាងណាក្តីជាតួនាទីសមត្ថកិច្ចជំនាញក្នុងការទំនាក់ទំនងធ្វើកិច្ចការនេះពីព្រោះថាកម្ពុជាមានវ៉ាក់សាំងដ៏ល្អជាច្រើនហើយ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាដោយយកចិត្តទុកដាក់ផងដែរ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញអំពីគោលបំណងក្នុងការកសាងទំនាក់ទំនងល្អរវាងអ្នកនយោបាយខ្មែរជំនាន់ថ្មី និងអ្នកនយោបាយថៃបច្ចុប្បន្ន ក៏ដូចជាការផ្លាស់ប្តូរយោបល់ និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិតបានបង្ហាញក្តីសង្ឃឹមទុកថា ទៅថ្ងៃអនាគត កម្ពុជានឹងទទួលបានកិច្ចសហការល្អ និងការជួយគាំទ្រពីប្រទេសថៃកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងដើម្បីបញ្ជាក់បន្ថែមថា ការមកបំពេញទស្សនកិច្ច និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងផ្សេងៗ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វិស្នុ គ្រឿងង៉ាម ដោយផ្ទាល់នាឱកាសនេះ គឺដើម្បីរឹតចំណងសាមគ្គីភាពជាមួយប្រទេសថៃ ស្របពេលដែលស្ថានការណ៍នៃរបត់នយោបាយកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងមានការផ្លាស់ប្តូរលើកិច្ចការសំខាន់ជាច្រើនដូចជា៖
- ប្រការទី១៖ ប្រទេសកម្ពុជាកំពុងមានការកំណែទម្រង់ក្នុងប្រទេសដោយអនុវត្តនយោបាយឈ្នះឈ្នះសម្តេចតេជោដំណាក់កាទី ៤ ជាពិសេស ការកែទម្រង់ខាងផ្នែកច្បាប់អោយកាន់តែប្រសើរឡើង ដោយពេលថ្មីៗនេះ បានបើកតុលាការសាលឧទ្ធរណ៍ ថ្នាក់ភូមិភាគបន្ថែមទៀត ដើម្បីបម្រើសេវាជូនពលរដ្ឋអោយបានកាន់តែប្រសើរឡើង។
- ប្រការទី២៖ប្រទេសកម្ពុជាកំពុងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានចែង និងកំណត់ថា ថ្នាក់ដឹកនាំនៃស្ថាប័ន កំពូលរបស់ជាតិដែលរួមមាន តំណែងប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា និងតំណែងនាយករដ្ឋមន្រ្តី ជាដេីម ត្រូវមាន “សញ្ជាតិខ្មែរតែមួយគត់”។
- ប្រការទី៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាន់យកគោលការណ៍ក្នុងការគ្រប់គ្រងប្រទេស ”បង្កើនថ្មីរក្សាចាស់”។ ក្នុងន័យនេះ គេបានឃើញនាពេលថ្មីៗកន្លងទៅ មានការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មីវ័យក្មេង បញ្ចប់ការសិក្សាពីបរទេស។ ក្រៅពីនេះក៏នៅមានអ្នកនយោបាយជំនាន់ថ្មី ជាច្រើនរូបផ្សេងទៀត ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង រុស្សី សហរដ្ឋអាមេរិក និងថៃបាននិងកំពុងឈានជើងចូលបម្រើការផ្នែកនយោបាយ និងកាន់តំណែងជាអ្នកគ្រប់គ្រងក្នុងជួរមន្រ្តីរាជការកាន់តែច្រើនឡើងផងដែរ។ ក្នុងជំនួបនេះដែរលោកបណ្ឌិតវិស្នុ គ្រឿងង៉ាម បានថ្លែងអំណរគុណដល់ លោកបណ្ឌិត សុខ សុក្រឹត្យា ជាថ្មីម្តងទៀតនិងពោលបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងគ្នាល្អប្រសើររៀងរហូតមក ទាំងនេះដោយសារថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានទំនាក់ទំនងល្អតាំងពីរយូរលង់។ ហេតុនេះប្រទេសទាំងពីរគួរបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែល្អប្រសើរថែមទៀត ជាពិសេសទៅលើវិស័យទេសចរណ៍តែម្តង។

ឯកឧត្តមបណ្ឌិត វិស្នុ គ្រឿងង៉ាម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលថៃបានគ្រាំទ្រនយោបាយពង្រឹងវិស័យទេសចរណ៍ក្នុងរឿង “ទិដ្ឋាការតែមួយអាចធ្វើដំណើរបានពីរប្រទេស – Two Kingdoms, One Destination” ដូចយើងបានជ្រាបហើយថា ពេលនេះក្រសួងការបរទេស និងក្រសួងមហាផ្ទៃកំពុងដំណើរការសិក្សារឿងនេះ។
ដោយឡែកពាក់ព័ន្ធនឹងរឿងការពង្រឹងទំនាក់ទំនង ក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរវិញ គឺខាងកម្ពុជាចង់ឃើញវិស័យទេសចរណ៍ប្រទេសទាំងពីរ មានលក្ខណៈទូលំទូលាយ ពោលគឺមិនចង់ឱ្យមានអ្វីបង្កជាឧបសគ្គ ថ្មីៗនេះរាជរដ្ឋាភិបាលថៃ បានបង្ហាញជំហរជំរុញវិស័យទេសចរណ៌ឲ្យចូលមកកម្ពុជា និងបានដាក់កម្ពុជាក្នុងចំណោមប្រទេស ដែលមកប្រទេសថៃដោយមិនបាច់ធ្វើចតា្តឡីស័ក។
គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យមានការផ្លាស់ប្តូរ ក្នុងកម្រិតផ្នែកនយោបាយ រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហការការពារការរីករាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងវិស័យទេសចរណ៍ វិស័យវប្បធម៌ឱ្យកាន់តែប្រសើរឡើងផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពលជ័យ

