Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំគណបក្សខ្មែររួបរួមជាតិ ប្រកាសប្រាប់សមាជិករបស់ខ្លួន អំពីការផ្អាកបង្រួបបង្រួម ជាមួយហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានប្រកាសជាផ្លូវការប្រាប់សមាជិក សមាជិការបស់ខ្លួនអំពីការប្រកាសផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឆ្លើយតបថា ការប្រកាសផ្អាកនៃការបង្រួបបង្រួមគ្នានេះ គឺពុំបានប៉ះពាល់ដល់ដំណើរការការងារការចុះមូលដ្ឋាន និងការរៀបចំរចនាសម្ព័ន្ធ បញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ២៥រាជធានីខេត្តឡើយ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសជាផ្លូវការប្រាប់សមាជិក សមាជិករបស់ខ្លួនអំពីការប្រកាសផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីលទ្ធផលបូកសរុបការងារប្រចាំខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅសង្កាតបាខែង ខណ្ឌជ្រោយចង្វារ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ការប្រកាសផ្អាកនៃការរួបរួមពុំបានប៉ះពាល់ដល់ដំណើរការការងារការចុះមូលដ្ឋាន និងការរៀបចំរចនាសម្ព័ន្ធ បញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ២៥រាជធានីខេត្តឡើយ។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បានប្រជុំកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្រេចផ្អាកការរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយទុកឲ្យហ៊្វុនស៊ិនប៉ិចដោះស្រាយផ្ទៃក្នុងរបស់ខ្លួនទៅ។ ថ្នាក់ដឹកនាំនៅមូលដ្ឋានយកព័ត៌មានផ្អាកការបង្រួបបង្រួមទៅប្រាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋានឲ្យបានដឹងកុំរង់ចាំតទៅទៀត។ អ្នកខំប្រឹងប្រែងជួយរាជានិយមគេលែងជួយហើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ហើយក៏បានពិភាក្សាគ្នាអំពីការដំណើរការនៃការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យទៅជាគណបក្សតែមួយ។ តែដោយសារការបង្រួបបង្រួមគ្នាដែលត្រូវធ្វើសមាជបញ្ចូលគ្នានោះ គឺវាមានការពន្យាពេលរហូតដល់ ២ឆ្នាំ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យឃើញថា បើមានការអូសបន្លាយពេលវេលាជាបន្តទៀត វាប៉ះពាល់ទៅដល់ការចូលរួមក្រុមប្រឹក្សាឃុំ សង្កាត់ ហេតុនេះហើយមតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចផ្អាកការរួបរួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដោយសារហ៊្វុនស៊ិនប៉ិចបច្ចុប្បន្នមានបញ្ហាផ្ទៃក្នុងមិនទាន់អាចដោះស្រាយបាន និងអាចប្រើពេលវេលាយូរក្នុងការដោះស្រាយ អីចឹងហើយបានជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចផ្អាកការរួបរួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច”។

លោកញឹក ប៊ុនឆៃ បានបន្តថា នៅក្នុងអង្គប្រជុំនាថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមការងារពង្រឹងមូលដ្ឋាន គណៈកម្មាការប្រតិបត្តិ ប្រធានចលនាយុវជន ប្រធានចលនាស្ត្រី គណបក្សមកពីរាជធានី ខេត្ត ទាំង២៥ ហើយលោកបានផ្សព្វផ្សាយអំពីការផ្អាកការបង្រួបបង្រួមនេះ នឹងសូមឲ្យថ្នាក់ដឹកនាំទាំងអស់ត្រឡប់ទៅមូលដ្ឋានវិញផ្សព្វផ្សាយអំពីការផ្អាកនេះ។
ហើយពេលត្រឡប់ទៅវិញក៏អាចមានសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច អាចសួរនាំអំពីការបង្រួបបង្រួមនេះ គឺប្រាប់គាត់តាមត្រង់ទៅ។ ហើយមិនជាការឃោសនាអូសទាញអីទេ ក៏ប៉ុន្តែបើសិនជាពួកគាត់ចង់មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ គឺលោកស្វាគមន៍។ ហើយកន្លងមកនេះ មិនថាតែខាងហ៊្វុនស៊ិនប៉ិចទេ គឺក៏មានថ្នាក់ដឹកនាំមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានក៏បានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ជាបន្តបន្ទាប់។

ចំណែកលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែរក្សាគោលជំហរ ដូចសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គឺមានសេចក្តីថា « ការសម្រេចនៃការរួបរួមគ្នា ឬមិនរួបរួម ជាមួយគណបក្សណាមួយ» គឺគណបក្សទុកថ្វាយ និងជាព្រះបុព្វសិទ្ធិផ្ទាល់របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ស្របតាមលក្ខន្តិកៈរបស់គណបក្ស ។
លោកបញ្ជាក់ថា ការប្រកាសផ្អាកនៃការរួបរួម របស់ ឯកឧត្តម ញឹក ប៊ុនឆៃ ពុំបានប៉ះពាល់ដល់ដំណើរការការងារការចុះមូលដ្ឋាន និងការរៀបចំរចនាសម្ព័ន្ធ បញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ២៥រាជធានីខេត្តឡើយ។ ហើយអគ្គលេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់ សម្តេចក្រុមព្រះ និងថ្នាក់ដឹកនាំ គណបក្សក៏កំពុងមម៉ាញឹកចុះមូលដ្ឋាន តាមមណ្ឌលរៀងៗខ្លួន ដើម្បីពង្រឹងការងារ ការចងក្រងសមាជិកគាំទ្រផងដែរ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×