Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់ស្តីពីវិនិយោគនេះ តាក់តែងឡើងទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជា ឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ដោយឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការធ្វើបទបង្ហាញដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការ វិនិយោគកម្ពុជា។ អ្នកចូលរួមក្នុងសិក្ខាសាលានេះមានចំនួនប្រមាណ ១៧០នាក់។

ច្បាប់ស្តីពីវិនិយោគនេះត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញរបស់គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និង តាក់តែងឡើងយ៉ាងម៉ត់ចត់ដោយក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូត បានបញ្ចប់នៅចុងឆមាសទី១ នៃឆ្នាំ២០១៩ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច រតេជោនាយករដ្ឋមន្ត្រី នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់ថ្មីនេះ ក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនលើកច្រើនសារ ជា ពិសេស ជាមួយនឹងក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាប់ស្តីពីវិនិយោគនេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល ដែលអាចទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានេះ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ដែលជា គំនិតផ្តួចផ្តើមផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងដែលត្រូវបានប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សិក្ខាសាលានាពេលនេះត្រូវបានរៀបចំឡើងក្នុងគោល ដៅផ្សព្វផ្សាយពីការបន្ស៊ីគ្នារវាងការជំរុញវិនិយោគ និងការអនុវត្តយុទ្ធសាស្ត្រការទូត សំដៅទាក់ទាញ រំហូរវិនិយោគផ្ទាល់ពីបរទេស បង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ ឧស្សាហកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលលោក។

ក្នុងខ្លឹមសារនៃសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែង អស់រយះពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ស្ដីពីវិនិយោគថ្មីនេះលេចចេញ ជារូបរាងឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីបច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចសកល និងរំហូរវិនិយោគផ្ទាល់ពីបរទេស ទូទាំងពិភពលោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រមទាំងការប្រកួតប្រជែងអំណាចរបស់មហា អំណាចដែលធ្វើឱ្យប្រែប្រួលសណ្ដាប់ធ្នាប់អន្តរជាតិ និងបានដាក់សម្ពាធដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់នេះជាមួយដៃគូខាងក្រៅ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ការប្រកាសឱ្យប្រើច្បាប់វិនិយោគ នេះ នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្តារឡើងវិញនូវ សង្គម-សេដ្ឋកិច្ចក្រោយវិបត្តិក្ខវឹង-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៍ទាក់ទាញមួយសម្រាប់ វិនិយោគិន ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និង ប្រទេសឡើងវិញជាបណ្តើរៗ ដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍ ជាពិសេស ទេសចរណ៍វ៉ាក់សាំង។ ពាក់ព័ន្ធនឹងបញ្ហាចាក់វ៉ាក់សាំង ឯកឧត្តម ក៍បានគូសបញ្ជាក់ផងដែរអំពីយុទ្ធនា ការចាក់វ៉ាក់សាំងដ៏ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ ខ្លួនបានប្រមាណ ២៨លានដួស ស្មើនឹងជាង៨៦ភាគរយនៃប្រជាជនសរុប ដែលធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងអាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វិក និងឈរនៅលើលេខរៀងទី៦ លើសកលលោក ក្នុងចំណោមប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាជនច្រើនជាងគេបង្អស់។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចូលរួមជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ ច្បាប់ស្តីពីវិនិយោគនេះ ជូនដល់បណ្តាអង្គទូតកម្ពុជាប្រចាំស្ថានបេសកកម្មការទូតនៅក្រៅប្រទេស ដែល ជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការបង្ហាញពីកាលានុវត្តភាព នៅកម្ពុជាសំដៅទាក់ទាញការវិនិយោគប្រកប ដោយគុណភាពបន្ថែម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៍បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាប្រចាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជា ប្រចាំនៅក្រៅប្រទេស ដែលជានិច្ចកាលតែងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិនិយោគ និង ផ្សព្វផ្សាយពីបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនបរទេស តាមរយះការធ្វើបទបង្ហាញយ៉ាង ក្បោះក្បាយស្តីពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ក៏ដូចជាកិច្ចពិភាក្សាក្នុងសិក្ខាសាលានាពេលនេះ ឯកឧត្តមរដ្ឋមន្តី ប្រតិភូមានសុទិដ្ឋិនិយមថា ឯកឧត្តម លោកជំទាវ ដែលជាតំណាងកម្ពុជានៅក្រៅប្រទេសទាំងអស់នឹង ជួយផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍ទាំងឡាយដែលមានចែងក្នុងច្បាប់នេះ ដើម្បីឱ្យអ្នកវិនិយោគនៅ ក្រៅប្រទេសបានយល់កាន់តែច្បាស់ និងធ្វើការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលជាទីតាំង វិនិយោគប្រកបដោយសក្ដានុពល៕ រក្សាសិទ្ធិដោយ ៖ កូលាប

×