Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងទ័ពជើងគោក ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Devyani Uttam KHOBRAGADE (ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ជំនួបនេះ បានធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

នៅក្នុងជំនួបនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនង និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ។
លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងការអនុវត្តយុទ្ធនា ការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការ យ៉ាងលឿន និងទទួលបាននូវជោគជ័យគួរជាទីមោទនៈ ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាកម្រិតកងទ័ពជើងគោក និងបានអរគុណចំពោះការអញ្ជើញ គណៈប្រតិភូកងទ័ព ជើងគោកកម្ពុជាទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋ ឥណ្ឌានា ពេលខាងមុខ ដែលជាផ្នែកមួយនៃការ លើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យមានកម្រិតកើនទ្បើងថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ ដែលសាធារណរដ្ឋឥណ្ឌា បានសម្រេច ផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួនមួយប៊ីលាននាក់ក្នុងរយៈពេលដ៏ខ្លី។

ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំនួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយក៏សូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការ បែបយុទ្ធសាស្ត្រដ៏សំខាន់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×